ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅខណ្ឌដង្កោដែលរងការជន់លិចពីជំនន់ស្ទឹងព្រែកត្នោតបានវិលត្រឡប់ទៅលំនៅឋានវិញ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានភាពទឹកជំនន់នៅតាមសណ្ដុរស្ទឹងព្រែក ត្នោតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានវិលត្រឡប់មករកស្ថានភាពធូរស្រាលវិញហើយ ពោលគឺលំនៅឋានដែលរងការជន់លិចដោយជំនន់ស្ទឹងព្រែកត្នោតនោះទឹកបានស្រកវិញអស់ហើយ ប៉ុន្តែមិនទាន់ស្ងួតដីនៅឡើយទេ។

បើតាមមន្ត្រីរដ្ឋបាលខណ្ឌដង្កោបានឲ្យដឹងថា កម្ពស់ទឹកស្ទឹងព្រែកត្នោត ដែលហូរកាត់ក្នុងភូមិសាស្រ្តខណ្ឌ ដង្កោ បង្កការជន់លិចផ្ទះសម្បែងពលរដ្ឋមួយចំនួនកាល ពីសប្តាហ៍មុននោះ បានស្រកអស់ទៅវិញហើយ។ យ៉ាង ណាក៏ដោយលំនៅឋានខ្លះមិនទាន់អាចចូលទៅស្នាក់នៅបានឡើយពីព្រោះនៅមានភក់និងដីមិនទាន់ស្ងួត។

លំនៅដ្ឋានខ្លះត្រូវបានម្ចាស់ចូលទៅស្នាក់នៅនិងប្រកប របររកស៊ីជាធម្មតាវិញហើយ។ ពលរដ្ឋមួយចំនួនដែលផ្ទះមានការជន់លិចខ្លាំងរយៈពេលជាង ១សប្ដាហ៍មុន ក៏បានចូល​ទៅរស់នៅ​ក្នុងផ្ទះវិញ ខណៈពលរដ្ឋមួយ ចំនួនរង់ចាំដីភក់ក្រោមផ្ទះមានការស្ងួតរឹងសិន។ និយាយរួមទៅស្ថានភាពវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញនៅក្នុងពេលឆាប់ៗខាងមុខនេះ។

ទឹកស្ទឹងព្រែកត្នោត ដែលមានការហក់ឡើងខ្ពស់ ​បង្កការជន់លិចផ្ទះសម្បែងពលរដ្ឋមួយចំនួនរស់​នៅ​ជាប់​នឹងមាត់ស្ទឹង​ ក្នុងភូមិសាស្រ្តខណ្ឌដង្កោ បានស្រកអស់ទៅវិញហើយ។ ពលរដ្ឋក្នុងភូមិសាស្រ្ត សង្កាត់ព្រៃវែង ​ដែលមានការជន់លិចខ្លាំងជាងគេ ហើយបានជម្លៀស​មកសាងសង់តង់ ​រស់នៅជាបណ្ដោះអាសន្ននៅលើទំនប់ មួយចំនួនក៏បានត្រឡប់ទៅ​រស់នៅ​ផ្ទះ​សម្បែងរបស់ខ្លួនវិញ។ 

ប៉ុន្តែគ្រួសារមួយចំនួនបន្តស្នាក់នៅជាបណ្ដោះ អាសន្នលើទំនប់នៅឡើយ ដោយ​ពួកគាត់រង់ចាំដីភក់ក្រោមផ្ទះ ​ដែលបង្កដោយទឹកស្ទឹង ស្ងួតរឹង​ ងាយស្រួលធ្វើដំណើរសិន។ យ៉ាងណាក៏ដោយពេលវេលាគឺមិនអាចអូសបន្លាយយូរទេ គឺឆាប់ៗនេះប្រជាពលរដ្ឋនិងវិល ត្រឡប់ចូលទៅរស់នៅក្នុងផ្ទះសំបែងរបស់ពួកគាត់វិញហើយ។

ប្រជាពលរដ្ឋដែលមកស្នាក់នៅទីទួលសុវត្ថិភាពបណ្ដោះ អាសន្ននិយាយថា ​ការជន់លិចក្នុងឆ្នាំនេះ ​គឺឆាប់ស្រកទៅវិញ ​មិនដូចការលិចរាល់ឆ្នាំនោះទេ។ ពួកគាត់បន្តថា ​ស្ទឹងត្រូវបានស្ដារ និងមានការកាយសំរាម ស្មៅ ​ចេញបានស្អាត ទើបទឹកអាចហូរបានលឿន។ 

បើផ្អែកលើអាកាសធាតុក្នុងពេលបច្ចុប្បន្ន ក្រសួង ធនធានទឹក​ និងឧតុនិយម បានចេញសេចក្ដីជូន​ដំណឹង​បញ្ជាក់ថា នៅថ្ងៃទី១៩-២១​ ខែតុលា​ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលនូវ​ទ្រនុង​សម្ពាធខ្ពស់ពីប្រទេសចិន ។ ចំណែកព្យុះទី២០ ឈ្មោះ នេសាទ ​( NESAT)ដែល​បានកើតឡើង​នៅ​ភាគខាងជើងហ្វីលីពីន ​និងថមថយ ឥទ្ធិពល​នៅពេលធ្វើដំណើរដល់ប៉ែកខាងក្រោមនៃភាគ​ខាងជើង​វៀតណាមនៅថ្ងៃទី២១ខែតុលា ។

ចាប់ពី ថ្ងៃទី២២-២៥ ខែតុលា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ពីចិនចុះខ្សោយ ខណៈដែល​ជ្រលង​សម្ពាធទាបពី​សមុទ្រ​ចិន​ខាងត្បូងបង្កើនឥទ្ធិពលមកលើភាគខាងត្បូងកម្ពុជា ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ តំបន់ទំនាបកណ្តាល ចាប់ពីថ្ងៃទី១៩-២១​ ខែតុលា ​ស្ទើរតែគ្មានភ្លៀង បើមាន​តិចតួចតែប៉ុណ្ណោះ ។ ​បន្ទាប់ពីនោះបណ្តរាជធានី-ខេត្ត នៅភាគខាងក្រោមនិងខាង​ជើង​ជាប់ប្រទេសវៀតណាម ​នឹងមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ ​​រន្ទះ និង​ខ្យល់កន្ត្រាក់ ។ ចំពោះបណ្តាខេត្តដទៃទៀតអាចមានភ្លៀងតិចតួច ។ ចំពោះតំបន់ខ្ពង់រាបវិញ ចាប់​ពីថ្ងៃទី១៩-២១ ខែតុលា ​ស្ទើរតែគ្មានភ្លៀង​ បើមានតិចតួចតែប៉ុណ្ណោះ ។

បន្ទាប់ពីនោះនឹងអាចមានភ្លៀងក្នុងកំរិតពីតិចទៅមធ្យម ​លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ រីឯតំបន់មាត់សមុទ្រ ៖ ​អាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ ​លាយឡំទៅដោយផ្គរ រន្ទះ និង​ខ្យល់កន្ត្រាក់ ៕

ដោយ៖ សូរិយា


ចែករំលែក៖