ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំការប្រកួតកីឡាម៉ូតូទឹក និងទូកក្តោងនៅខេត្តព្រះសីហនុ ក្នុងព្រឹត្តិការណ៍ជាតិលើកទី៣ ឆ្នាំ២០២២ ចាប់ផ្តើមការប្រកួតថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានបើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា ដោយមានការចូលរួមសម្របសម្រួលពីរដ្ឋបាលខេត្ត ដើម្បីលើកស្ទួយវិស័យកីឡា និងការពឹងផ្អែកលើឆន្ទៈ របស់សហព័ន្ធកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ចំពោះកីឡាម៉ូតូទឹកកម្ពុជា ជាកីឡាមួយដែលទទួលបានមេដាយមាសនាពេលខាងមុខ ហើយអ្វីជាសំខាន់ការរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលមានរាជធានីខេត្តមួយចំនួនធ្វើជាកន្លែងប្រកួតមានដូចជា រាជធានីភ្នំពេញ ខេត្តសៀបរាម ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ហើយខេត្តព្រះសីហនុ ក៏ត្រូវរៀបចំព្រឹត្តិការកីឡានៅលើផ្ទៃទឹក ដែលមានកីឡាចូលរួមប្រកួតពីរប្រភេទ គឺការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម(សម្រាប់រាជធានីភ្នំពេញ) ទន្ទឹមនោះយើងត្រូវដាក់ចេញនូវវិធានការមួយចំនួនមានដូចជា៖១.ការងារការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈចំពោះគណប្រតិភូចូលរួមក៏ដូចជាប្រជាពលរដ្ឋចូលរួមការប្រកួត ២.ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីទីតាំងពាក់ព័ន្ធនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាលើកទី៣ ឆ្នាំ២០២២ និងស៊ីហ្គេមឆ្នាំ២០២៣ ចាប់ពីពាក់កណ្តាលខែឧសភា ហើយខេត្តនិមួយៗត្រូវរៀបចំសង្ក្រានខេត្ត ដើម្បីឱ្យព្រឹត្តិការនៃការប្រកួតកីឡាស៊ីហ្គេមរបស់យើងកាន់តែមានភាពទាក់ទាញ នឹងចូលរួមពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមយ៉ាងច្រើនកុះករនាពេលខាងមុខ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សូមស្វាគមន៍ប្រតិភូសហព័ន្ធកីឡាចូលរួមប្រជុំនៅខេត្តព្រះសីហនុ ស្តីពីការងាររៀបចំព្រឹត្តិការណ៍ប្រកួតកីឡាលើកទី៣ ឆ្នាំ២០២២នៅលើទឹកដីខេត្តព្រះសីហនុ ដែលលោក ស សុខា បានធ្វើការណែនាំនៃព្រឹត្តិការណ៍កីឡាលើកទី៣ ដើម្បីត្រៀមលក្ខណៈចូលរួម និងកិច្ចសហការក្នុងការប្រកួតកីឡាលើកទី៣ នៅខេត្តព្រះសីហនុឱ្យទទួលបានជោគជ័យ ព្រោះការប្រកួតកីឡានេះមានវិញ្ញាសារម៉ូតូទឹក និងទូកក្តោង ហើយឆ្នេររបស់យើងមិនមានសណ្ឋានដូចគ្នា នៃស្ថានភាពភូមិសាស្ត្រ ត្រូវការជ្រើសរើសឆ្នេរណាមួយឱ្យបានជាក់លាក់ ក្នុងនោះត្រូវទាមទាការបញ្ជាក់ឱ្យបានច្បាស់លាស់ផងដែរ។
លោក អភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្តមានផែ៥០២ សម្រាប់ឱ្យក្រុមការងារទូកក្តោងចូលចតក្នុងការចូលរួមប្រកួតកីឡាជាតិលើកទី៣ និងឈានទៅការប្រើប្រាស់សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។ ដោយសារខេត្តព្រះសីហនុមានទីតាំងលំហរសាធារណៈប្រកបដោយសោភ័ណភាព អនាម័យ បរិស្ថាន ហើយការរៀបចំព្រឹត្តិការកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ជាឱកាសសម្រាប់ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វិនិយោគរបស់ខេត្តព្រះសីហនុ ពិសេសជាការលើកមុខមាត់របស់ខេត្តព្រះសីហនុនៅពេលខាងមុខ។
សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២នៅខេត្តព្រះសីហនុមានពីវិញ្ញាសារធំៗចំនួនពីរ ក្នុងនោះមានដូចជា កីឡាម៉ូតូទឹកមាន ៥វិញ្ញាសារ និងកីឡាទូកក្តោងមាន ៤វិញ្ញាសារ ៖
១.ទូកក្តោង Windsurfing បុរស ត្រូវប្រកួតចំនួន៦ជុំ
២.ទូកក្តោង ILCA Boat Open ត្រូវប្រកួតចំនួន៦ជុំ
៣.ទូកក្តោង Byte Boat ត្រូវប្រកួតចំនួន៦ជុំ
៤.ទូកក្តោង Optimist Boat Open ត្រូវប្រកួតចំនួន៦ជុំ៕
ដោយ : សហការី