ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ ៖ សូមជូនជាការពិចារណា ថាតើ «នយោបាយសងសឹក» វាអាក្រក់យ៉ាងណា?

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) បានលើកឡើងថា សូមជូនជាការពិចារណា ថាតើ «នយោបាយសងសឹក» វាអាក្រក់យ៉ាងណា? ក្នុងនោះលោក លើកយកគំនិត២ចំណុចមកធ្វើអធិប្បាយ ដោយបញ្ជាក់ថា, 

១. រូបថតនេះ គឺជាក្រុមដែលធ្វើរដ្ឋប្រហារទម្លាក់ សម្តេច សីហនុ នាថ្ងៃ១៨មីនា ឆ្នាំ១៩៧០។ បន្ទាប់មក ទាំង៦នាក់នេះ បានឱកាសកាន់តួនាទីជាប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ ពីឆ្នាំ១៩៧០-១៩៧៥។ ដោយកត្តាស្ថានការណ៍នយោបាយច្របូកច្របល់ ក្នុងនោះ២នាក់កាន់តំណែងបានរយៈពេលត្រឹម៧ខែ ក៏របូត គឺ សឺង ង៉ុកថាញ់ និង អុិន តាំ ហើយផ្សេងទៀតរត់ចោលស្រុក រហូតដល់ស្លាប់ចោលឆ្អឹងនៅស្រុកគេ។ ការរបូតតួនាទីនេះ គឺមានហេតុនិងផល។ សម្តេច សីហនុ ដែលជាជនរងគ្រោះពីអំពើរដ្ឋប្រហារ ទ្រង់បានជំរុញកម្លាំងឱ្យមានការតស៊ូ តែមិនមានឱកាសសងសឹកទេ។ 

២. ប៉ុន្តែ តើអ្វីបានកើតឡើង ក្រោយថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥? គឺពួកខ្មែរក្រហម បានឱកាសឡើងកាន់អំណាចវិញម្តង តាមរយៈការធ្វើបដិវត្តន៍និងសង្គ្រាម ដែលផ្គួបផ្សំដោយកត្តាគាំទ្រជាច្រើន ប៉ុន្តែកត្តាធំ៣គឺ៖ ការទាមទារយុត្តិធម៌ថ្វាយសម្តេច សីហនុ, កំហឹងពីការទម្លាក់គ្រាប់បែករបស់អាមេរិកាំង, និងការស្អប់ពួក លន់ ណុល ដែលលក់ក្បាលឱ្យបរទេស ធ្វើឱ្យសង្គមជាតិវឹកវរ កើតមានសង្គ្រាមស៊ីវិល និងអំពើពុករលួយជាដើម។ បន្ទាប់ពីបានអំណាចភ្លាម ពួកខ្មែរក្រហម បានសម្លាប់មនុស្ស៣នាក់នៅក្នុងរូបនេះរួមមាន៖ ទ្រង់ស៊ីសុវត្ថិ សិរិមតៈ, ហង្ស ធុនហាក់ និង ឡុង បូរ៉េត ដោយបាញ់សម្លាប់ និងកាត់ក្បាល។ នេះមិនទាន់រាប់បន្ថែមប្រជាជន៣លាននាក់ ដែលស្លាប់ជាបន្តបន្ទាប់ដោយសារ មនោគមន៍វិជ្ជាស្អប់ គំនុំ និងការសងសឹក តាមរបៀបនាយជិះដំរីផងទេ។ ដូច្នេះ នាយជិះដំរី និងគូកន កុំគិតងាយពីហេតុការណ៍ និងមេរៀនទាំងអស់នេះ ហើយអាចពិចារណាបន្ថែម ៕

ដោយ : សិលា


ចែករំលែក៖