ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីអស់សុពលភាព ឬសល់រយៈពេល ៩០ថ្ងៃ អញ្ជើញបំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណថ្មី

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា,អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីអស់សុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹមរយៈពេល ៩០ថ្ងៃ អញ្ជើញមកបំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជម្រាបជូនដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី មានសុពលភាពត្រឹមរយៈពេល ១០ឆ្នាំ ដែលបានផ្តល់ជូនប្រជាពលរដ្ឋតាំងពីខែមិថុនា ឆ្នាំ២០១២ បានអស់សុពលភាពប្រើប្រាស់ជាបណ្តើរៗហេីយ គឺចាប់តាំងពីខែមិថុនា ឆ្នាំ២០២២ មក។​ ដូច្នេះ​ ដើម្បីធានានូវសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់កាន់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ ខាងមុខនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីដែលអស់សុពលភាព ឬសុពលភាពនៅសល់តិចជាងឬត្រឹមរយៈពេល៩០ថ្ងៃ សូមអញ្ជើញមក បំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី នៅតាមបណ្តាទីតាំងដូចខាងក្រោម៖

ទី១-តាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូល តែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។

ទី២-នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)។

និងទី៣-ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបអុីអនម៉ល២ (Aeon Mall II) សែនសុខ។

លើសពីនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សង្ឃឹមថា ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរគំរូថ្មីអស់សុពលភាព ឬជិតអស់សុពលភាព សូមមេត្តាយកចិត្តទុកដាក់ និងរួសរាន់មកបំពេញបែបបទ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីឡើងវិញ៕

ដោយ៖ សិលា


ចែករំលែក៖