ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ បានថ្លែងសារសំខាន់ៗក្នុងឱកាសជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន មានដូចខាងក្រោម៖
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតភ្ជាប់បណ្តាញទឹកស្អាតប្រវែងជាង ៣៤គីឡូម៉ែត្រ អស់ថវិកា ៦លានដុល្លារ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាជាង ១៧ពាន់លានរៀល ត្រូវបានឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ មានកម្មការិនីជាង ៣៣ម៉ឺននាក់ បានសម្រាលកូន។ រដ្ឋបានផ្តល់ថវិកាឧបត្ថម្ភកម្មការិនីសម្រាលកូនសរុបជាង ១៣៣លានរៀល។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹក តំបន់ពាក់ស្នែងជាសមរភូមិដ៏ស្រួចស្រាវមួយជាមួយខ្មែរក្រហម។ ក្នុងនោះក្រោយកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស មានពលរដ្ឋអូស្ត្រាលី ត្រូវបានខ្មែរក្រហមចាប់ខ្លួន និងសម្លាប់ផងដែរ។
-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលនេះតំបន់ពាក់ស្នែងក្លាយជាតំបន់អភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋរើសចេញពីតំបន់រមណីយដ្ឋានអង្គរ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាកចេញពីតំបន់រមណីយដ្ឋានអង្គរ គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះបដិមារបស់កម្ពុជាជាច្រើនបានបង្ហាញខ្លួន ក្រោយពេលតំបន់រមណីយដ្ឋានត្រូវបានរៀបចំ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះភូមិឋានថ្មីរបស់ប្រជាពលរដ្ឋ មិនមែនយកពលរដ្ឋមកទុកចោលនោះឡើយ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹមថា នៅឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា បន្តទទួលបានជោគជ័យលើការបោះឆ្នោត ហើយពលរដ្ឋចេញពីរមណីយដ្ឋានអង្គរ នៅតែបន្តការគាំទ្រគណបក្សប្រជាជន។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកបណ្ឌិត រ័ត្ន សណ្តាប់ ដែលបានស្រាវជ្រាវប្រវត្តិពាក់ព័ន្ធតំបន់ពាក់ស្នែង។
-សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា មានផ្លូវ២ខ្សែកាត់តំបន់ពាក់ស្នែង ត្រូវបានសិក្សាសាងសង់។ ក្នុងនោះផ្លូវមួយមានប្រវែងជាង ៥៥គីឡូម៉ែត្រ តម្លៃ ៤៦លានដុល្លារ និងមួយខ្សែទៀតប្រវែង ៤៦គីឡូម៉ែត្រ គ្រោងប្រើថវិកាជាង ៩៤លានដុល្លារ។
-សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសង់ប៉ាឆានៅវត្តក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដើម្បីសម្រួលប្រជាពលរដ្ឋរៀបចំបូជាសព និងធ្វើបុណ្យទាន។
-សម្តេចតេជោ ហ៊ុន សែន សម្រេចឱសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ពាក់ស្នែង រួមមានផ្លូវ មន្ទីរពេទ្យ សាលារៀន និងផ្សារទំហំប្រមាណ ៣.៥ហិកតា។
-សម្តេចតេជោ ហ៊ុន សែន ប្រកាសចុះជួបប្រជាពលរដ្ឋនៅខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា ដើម្បីចែកពូជស្រូវ និងស្បៀងអាហារ។
-សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសម្តេចព្រះសង្ឃ នៃគណៈសង្ឃនាយក និងសប្បុរសជននានា ដែលបានឧបត្ថម្ភស្បៀង និងថវិកានានា ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់។
-សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរតាមខេត្តនានា ឱ្យចាត់ចែងចែកស្បៀង និងថវិកាជូនពលរដ្ឋរងគ្រោះ ដោយមិនចាំបាច់រងចាំវត្តមានសម្តេចទេ។
-សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅប្រជាពលរដ្ឋរើទៅនៅពាក់ស្នែងថា បើដីធ្វើមិនទាន់រួច ហើយគ្មានអ្នកទៅដឹកទេ កុំចេញពីលំនៅឋានចាស់។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដីចែកជូនប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងពាក់ស្នែង មិនមែនជាដីសង្គមកិច្ចទេ គឺជាដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅភូមិព្រះដាក់បើទោះបីមិនឱ្យរើចេញ តែក៏មិនត្រូវឱ្យមានសំណង់អ្វីទៀតនោះដែរ។
-សម្តេចតេជោ ហ៊ុន សែន ជារឿងលំបាករកណាស់លើពិភពលោក ដែលគណបក្សនយោបាយមួយរស់នៅជួបជុំគ្នាជិតកន្លះសវត្សរ៍ ដូចជាគណបក្សប្រជាជនកម្ពុជា។
-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មន្រ្តីគណបក្សប្រជាជនកម្ពុជា គឺស្រលាញ់គ្នាណាស់ បានរស់នៅជាមួយគ្នា តាំង ពីឆ្នាំ១៩៧៩ មករហូតដល់ សព្វថ្ងៃនេះ ដោយមិនដូចគណបក្សខ្លះរស់នៅជាមួយគ្នាមិន បាន ប៉ុន្មានផង ក៏ព្រាត់ប្រាស់គ្នាដោយសារតែដណ្តើមគ្នាធ្វើមេ។ រហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា គឺមានអាយុកាលចំនួន ៧១ឆ្នាំហើយ។
សូមជម្រាបថា គណបក្សនេះដើមដំបូងមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលបាន បដិសន្ធិ ឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំង ពួក អាណានិគមនិយម ដើម្បីឯករាជ្យជាតិ។ ៧១ឆ្នាំហើយដែលគណបក្សប្រជាជនកម្ពុជា បានប្រកាន់ ខ្ជាប់ ឥតប្រែប្រួល នូវសារជាតិរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និង ដើម្បីប្រជាជន ហើយបានសម្រចសមិទ្ធផលធំៗជាច្រើនជូនជាតិ។
គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សកាន់អំណាចមួយនេះ បាន ប្រកាន់ ខ្ជាប់ ជានិច្ចនូវគោលបំណង និងឧត្តម គតិរបស់ខ្លួនគឺឈរនៅខាងប្រជាជនផ្សារភ្ជាប់ រួមសុខទុក្ខ ជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គមជាដើម ដោយមិនដូចគណបក្ស នយោបាយខ្លះ បានតែសន្យា និងធ្វើការញុះញង់ឲ្យមានភាព វឹកវរ ដល់សង្គម ប្រទេសជាតិ និង បែកបាក់គ្នាដោយសារតែមិនចេះ សាមគ្គីគ្នា ដណ្តើមគ្នាធ្វើធំ ប្រកាន់បក្សពួកជាដើម៕
ដោយ៖ស តារា