ភ្នំពេញ ៖ ក្រុមជនសង្ស័យចំនួន ៨នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរបន្តនីតិវិធី។
សូមបញ្ជាក់ថា នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន០៨នាក់ជាសាធារណៈ បន្ទាប់ពីឃាត់ខ្លួនពាក់ព័ន្ធករណី ប្រើហិង្សាដោយចេតនា មានស្ថានទង្ងន់ទោស យកដាវកែច្នៃ កាំបិតប៉័ងតោនិងដំបងព្រួតគ្នាកាប់និងវាយ ទៅលើយុវជនម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ ។
ការបង្ហាញមុខនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២២ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជនសង្ស័យទាំងនោះ ត្រូវបានសមត្ថកិច្ច ឱ្យដឹងថា ១.ឈ្មោះ អាន ស័រលីញ អាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសន្ធរម៉ុក ,២.ឌី បូរ៉ា អាយុ ១៨ឆ្នាំ មុខរបរលក់ដូរ,៣.ឌីណា បញ្ញារិទ្ធ អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីមសាមគ្គី,៤.លឹម ឈាង លី អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ ជម្ពូវ័ន,៥.ឈ្មោះហេង ជាដាវីត អាយុ១៨ឆ្នាំមុខរបរលក់ដូរ,៦.ឌីណា ហ្គាណាន់អាយុ១៨ឆ្នាំ ជាសិស្ស វិទ្យាល័យជាស៊ីមសាមគ្គី,៧.ងឿ សេម អាយុ១៨ឆ្នាំ មុខរបរលក់ដូរនិង៨.ឈ្មោះ ហួត សំណាង អាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ អូរបែកក្អម។ ចំណែកជនរងគ្រោះឈ្មោះ អឿន សៀងហៃ ភេទប្រុសអាយុ១៩ឆ្នាំ មានលំនៅផ្ទះជួលផ្លូវរថភ្លើង ភូមិទី១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បានរងរបួសធ្ងន់ ត្រូវដៃនិងរយះក្បាលត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរចិន ព្រះកុសុមៈ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងជំនាញធ្វើស្រាវជ្រាវ ឃាត់ខ្លួន ជាបន្តបន្ទាប់កាលពីថ្ងៃទី១៩ខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីក្រុមជនសង្ស័យ មានបក្សពួក ចំនួន ១៣នាក់បានប្រើហិង្សាដោយចេតនា មានស្ថានទង្ងន់ទោស យកដាវកែច្នៃ កាំបិតប៉័ងតោនិងដំបងព្រួតគ្នាកាប់និងវាយ ទៅលើយុវជនម្នាក់បណ្តាលឱ្យរងរបួសធ្ងន់នៅចំណុច មុខអគារអ៊ីដេនហ្គាដេន តាមផ្លូវលេខ R6ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកនាយការិយាល័យបានបន្តឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ ២០២២ ខណៈពេល ដែល ជនរងគ្រោះ រួមទាំងមិត្តភក្កិ ចំនួន ៨នាក់ជិះម៉ូតូ ចំនួន ៤គ្រឿងតាមដងផ្លូវ ស្រាប់តែ ជនសង្ស័យ ដែលមានគ្នាចំនួន ១៣នាក់ជិះម៉ូតូចំនួន ៥គ្រឿង បានមកដល់ និងនាំគ្នា ដេញកាប់និងវាយទៅលើ ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់។
តាមព័ត៌មានឱ្យដឹងទៀតថា បន្ទាប់ពី ប្រើហិង្សា ជនដៃដល់បានគេចខ្លួនបាត់ហើយ ស្រ្តីជាម្តាយ របស់យុវជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ហើយ ត្រូវបានកម្លាំង សមត្ថកិច្ចស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ ព្រមទាំងដកហូតបានដាវកែច្នៃចំនួន១ , កាំបិតប៉័ងតោចំនួន២និងដំបងគ្រលាស់ចំនួន១ ហើយ ធ្វើការង្ហាញមុខនៅពេលនេះ មុនពេលបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។
បច្ចប្បន្នក្រុមជនសង្ស័យទាំងនោះត្រូវបានបញ្ជូនទៅដល់សាលាដំបូង ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕
ដោយ ៖ រ៉ារ៉ា