ខេត្តកំពង់ធំ ៖ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំបានឲ្យដឹងថា ផ្លូវជាតិលេខ៦ ដែលរងការលិចដោយទឹកភ្លៀងមូលហេតុដោយសារយប់មិញមានភ្លៀងជាច្រើនម៉ោង តែពេលនេះទឹកត្រូវបានស្រកចុះផុតអស់ហើយប្រសិនបើមេឃកាន់តែក្តៅស្រឡះល្អ និងគ្មានភ្លៀងធ្លាក់ដូច្នេះស្ថានភាពទឹកក៏ស្រកបានលឿនដែរ ។
លោកប្រធានមន្ទីរបានបន្តថា ការលិចលង់ផ្លូវជាតិលេខ៦នេះមាន ២កន្លែង គឺចន្លោះពីគីឡូម៉ែត្រ លេខ១៥០-១៥១ មានប្រវែង២៥០ម៉ែត្រ និងគីឡូម៉ែត្រលេខ១៤៦-១៤៧ មានប្រវែងជាង៤០០ម៉ែត្រ ស្ថិតនៅភូមិ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ លោកប្រធានមន្ទីរបានក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សុំកុំឲ្យយករូបដែលបានថតកាលពីព្រឹក ទៅបង្ហោះចែកចាយគ្នាដើម្បីកុំឲ្យមានការយល់ច្រឡំ ព្រោះពេលនេះទឹកបានស្រកជិតផុតហើយសល់តែលើចិញ្ចើមផ្លូវតិចតួចប៉ុណ្ណោះ។
សូមបញ្ជាក់ថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាង ៣ម៉ោងកាលពីយប់មិញឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានធ្វើឲ្យផ្លូវជាតិលេខ៦ រងការលិចលង់ជំនន់ទឹកភ្លៀង នៅក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បើគិតត្រឹម វេលាម៉ោង២រសៀលថ្ងៃទី២៤ ខែតុលានេះ ទឹកដែលហូរកាត់ផ្លូវជាតិនោះបានស្រកវិញហើយ មិនមានការប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើយ ៕
ដោយ៖ កែវ មន្នី