ខេត្តព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលឆ្មាំឆ្នេរនៅខេត្តព្រះសីហនុ មានសិក្ខាកាមចូលរួមសរុបចំនួន ៣២នាក់ ពិធីនេះធ្វើឡើងនៅសណ្ឋាគារ ឃ្វីនកូ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល ស្ដីពីជំនាញឆ្មាំឆ្នេរនៅខេត្តព្រះសីហនុ មានសារៈសំខាន់ណាស់ ដែលរាជរដ្ឋាភិបាល ជំរុញនឹងលើកកម្ពស់វិស័យទេសចរណ៍ជាមាសបៃតង និងជាវិស័យអាភាពក្នុងចំណោមវិស័យអាទិភាពនានា ជួយជំរុញកំណើន និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់ប្រទេសជាតិយ៉ាងសំខាន់។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោលដៅសេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១០-២០២៥ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ ផ្អែកលើសក្តានុពលដ៏វិសេសវិសាល នៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិរួមមានកំពង់ផែអន្តរជាតិ ឆ្នេរ និងកោះដ៏ស្រស់ស្អាត ទឹកជ្រោះក្បាលឆាយនិងធនធានបាតសមុទ្រ ដែលផ្ដល់សក្តានុពលយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍទេសចរណ៍ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកទស្សនា និងសម្រាកកំសាន្តច្រើនជារៀងរាល់ឆ្នាំ។
លោកអភិបាលរងខេត្ត បានបន្តថា ការបណ្ដុះបណ្ដាញជំនាញវិជ្ជាជីវៈឆ្មាំឆ្នេរ និងការពង្រឹងសមត្ថភាពឆ្មាំ គឺជាផ្នែកមួយនៃគោលនយោបាយយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ ក្នុងផែនការសកម្មភាពពង្រឹងការគ្រប់គ្រងសុវត្ថិភាពគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនមានដូចជាការពង្រឹងការ គ្រប់គ្រងសន្តិសុខ វត្ថិភាពសាធារណៈ សុវត្ថិភាព និងអនាម័យចំណីអាហារ ការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ ការផ្ដល់ព័ត៌មាន និងស្តង់ដាស្លាកសញ្ញាព័ត៌មាននៅតាមរមណីយដ្ឋាន ឬតំបន់ទេសចរណ៍ ទន្ទឹមនេះការរៀបចំវគ្គបណ្ដុះបណ្ដាលឆ្មាំឆ្នេរ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង នៃប្រទេសទាំងបី កម្ពុជា ថៃ និងវៀតណាម (CVTEC : Cambodia Vietnam Thailand Economic Corridor) ដែលមានកិច្ចសហប្រតិបត្តិការលើផ្នែកសំខាន់ៗដូចជា៖
១.ការអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញវិស័យទេសចរណ៍
២.ការជំរុញផ្សព្វផ្សាយ និងរៀបចំពិពណ៌ទេសចរណ៍ ពាណិជ្ជកម្ម
៣.ជំរុញការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹកជាដើម។
លោកអភិបាលរងខេត្ត សង្ឃឹមថា វគ្គបណ្តុះបណ្តាលឆ្មាំឆ្នេរនេះ ប្រព្រឹត្តទៅរលូន និងទទួលបានលទ្ធផលល្អ និងថ្លែងអំណរគុណលោក តាន់យ៉ា វ៉ាត់ថាណាវីយ៉ាផុង នាយករងទីចាត់ការការពារគ្រោះមហន្តរាយ និងប្រធានសហគមទេសចរណ៍ខេត្តត្រាត (ប្រទេសថៃ)បានរៀបចំគ្រូជំនាញឆ្មាំឆ្នេរមកជួយបណ្តុះបណ្តាលឆ្មាំឆ្នេរនៅខេត្តព្រះសីហនុ៕
ដោយ៖សហការី