ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលបន្តឃាត់ខ្លួនមនុស្ស៦នាក់តាមខ្នងផ្ទះយកមកអប់រំ ករណីឆក់ត្រីខុសច្បាប់

ចែករំលែក៖

     ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំព្រៃធំ បានចុះឃាត់ខ្លួនមនុស្ស៦នាក់តាមខ្នងផ្ទះយកមកអប់រំ ក្នុងករណីឆក់ត្រីខុសច្បាប់នៅស្រុកកំពង់រោទ៍។

     ការចុះប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០២២ ស្ថិតនៅភូមិ ព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទ៍។

    តាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋល្អបានរាយការណ៍ថា នៅក្នុងភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទ៍មានអ្នករកស៊ីឆក់ត្រីខុសច្បាប់ ទើបលោក ហែម សាមុត អធិការនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍បានដាក់បញ្ជាផ្ទាល់ទៅកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំព្រៃធំឱ្យហៅអ្នកទាំងនោះយកមកអប់រំ។  ប្រតិបត្តិការនេះដឹកនាំដោយលោកអន ជ័យយុត្ថា និង លោក ពេជ្រ ថាវី សហការជាមួយកម្លាំងប៉ុស្ត៏រដ្ឋបាលឃុំព្រៃធំ និងអាជ្ញាមូលដ្ឋាន ដោយបានដកហូតអំភ្លីឆក់ត្រីខុសច្បាប់តាមខ្នងផ្ទះចំនូន៦គ្រឿង និងដងឆក់ត្រីចំនូន៦ដើម ហើយធ្វើកិច្ចសន្យាអប់រំពួកគាត់ឱ្យបញ្ឈប់មុខរបររកសុីឆក់ត្រីបន្តទៀត បើនៅតែបន្តឆក់នឹងចាត់វិធានការតាមច្បាប់។

     បច្ចុប្បន្ន វត្ថុទាំងអស់ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃធំ រង់ចាំថ្នាក់ដឹកនាំធ្វើការដុតបំផ្លាញចោលនាពេលខាងមុខ៕

ដោយ៖ សុថាន


ចែករំលែក៖