ខេត្តកំពង់ធំ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកសន្ទុក នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ បន្ទាប់ពីកម្លាំងជំនាញធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញឧបករណ៍កាច់សោរម៉ូតូ និងដែកសម្រាប់ចាក់សោរបន្ទប់។
មន្រ្តីនគរបាលស្រុកសន្ទុក បានឱ្យដឹងថា ៖ ជនសង្ស័យចំនួន ២នាក់ ១-ឈ្មោះ ញឹប ចាន់លី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅសង្កាត់កាកាម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ កែវ ឌីវ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
ប្រភពដដែលបន្តថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងនៅវេលាម៉ោង២៣ និង១០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ និងដកហូតបានម៉ូតូ១គ្រឿង ម៉ាកឃ្លីក ពណ៌សលាយខ្មៅ ស្លាកលេខ 1HC- 7019 ,ឧបករណ៍កាច់សោរម៉ូតូ និងដែកសម្រាប់ចាក់សោរបន្ទប់ ។
ក្រោយពីបានសួរនាំបំភ្លឺជនសង្ស័យទាំងពីរ បានឆ្លើយថា ឧបករណ៍ទាំងនេះពួកខ្លួនដាក់ទុកសំរាប់គាស់បន្ទប់ និងកាច់សោរម៉ូតូ ។
បច្ចុប្បន្នមុខសញ្ញាទាំងពីរ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដេីម្បីកសាងសំនុំរឿងតាមនីតិវិធី ៕
ដោយ៖សហការី