កូរ៉េខាងត្បូង និងអាមេរិក នឹងធ្វើសមយុទ្ធទាហានអាកាសទ្រង់ទ្រាយធំ ដោយមានយន្តហោះចម្បាំងប្រមាណ២៤០គ្រឿង។ សមយុទ្ធនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ដើម្បីបង្កើនសមត្ថភាពធ្វើសង្គ្រាម របស់ប្រទេសសម្ព័ន្ធមិត្ត។
កម្លាំងទាហានអាកាសកូរ៉េខាងត្បូង នៅថ្ងៃទី ២៨ខែតុលា បានប្រកាសថា សមយុទ្ធអូសបន្លាយរយៈពេល៥ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី ៣១ខែតុលា ក្នុងពេលដែលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បង្កើនសមត្ថភាពទប់ទល់ការគំរាមកំហែងរបស់កូរ៉េខាងជើង។ កន្លងមក មានព័ត៌មានថាទីក្រុងព្យុងយ៉ាងត្រៀមសាកល្បងគ្រាប់បែកបរមាណូជាលើកទី៧។
នៅក្នុងសកម្មភាពធ្វើសមយុទ្ធនោះ កម្លាំងទាហានអាកាសកូរ៉េខាងត្បូងបានបញ្ជូនយន្ហតោះចម្បាំង ១៤០គ្រឿងចូលរួម ក្នុងនោះមានយន្តហោះ ចម្បាំងបំបាំងកាយ F-35A និងយន្តហោះចម្បាំង KF-16 ។ ជាមួយគ្នានេះក៏បានបញ្ជូននាវាដឹកប្រេង KC-330 ទៅចូលរួមផងដែរ ។ ចំណែកភាគីអាមេរិកវិញក៏បានបញ្ជូនយន្តហោះចម្បាំង១០០គ្រឿងចូលរួម ក្នុងនោះមានយន្តហោះចម្បាំង F-35B។
សមយុទ្ធកម្លាំងទាហានអាកាសរួមគ្នា រវាងអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើម នៅឆ្នាំ ២០១៥ ដោយមានឈ្មោះថា Vigilant Ace ។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៨សមយុទ្ធក៏ត្រូវបានផ្អាកដោយសារតែ មានការផ្សះផ្សារវាងកូរ៉េទាំងពីរក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Moon Jae-in៕ដោយ៖ធីរីណា
រូបថត ៖ TTXVN-VNA