ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ ដាក់ចេញនូវវិធានការដើម្បីធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍ក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា, ចាប់តាំងពីខែមិថុនា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនប្រជាពលរដ្ឋបានចំនួន ១២,៣៣៦,២៣៥នាក់  ក្នុងនោះ មានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង គិតដល់ខែកក្កដា ឆ្នាំ២០២៣ មានចំនួន ១១,៦៧០,៨៦២នាក់។ ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានរក្សាទុកក្នុងប្រព័ន្ធម៉ាស៊ីនមេគ្រប់គ្រងទិន្នន័យ ក្រសួងមហាផ្ទៃបានរកឃើញថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលបានផ្ដល់ជូនប្រជាពលរដ្ឋចាប់តាំង ពីខែមិថុនា ឆ្នាំ២០១២ មានសុពលភាព១០ឆ្នាំ បានចាប់ផ្តើមផុតសុពលភាពប្រើប្រាស់ជាបន្តបន្ទាប់ ចាប់ពី ខែមិថុនា ឆ្នាំ២០២២ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានផ្ដល់ក្នុងឆ្នាំ២០១៣ នឹងត្រូវផុតសុពលភាព ត្រឹមខែកក្កដា ឆ្នាំ២០២៣ សរុបចំនួនប្រមាណ ១,៧០០,០០០សន្លឹក។

ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋ ពិសេសការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់កាន់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ក្រសួងមហាផ្ទៃ សូមដាក់ចេញនូវវិធានការអនុវត្តដូចខាងក្រោម៖

១. ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលរក្សាទុកក្នុងប្រព័ន្ធម៉ាស៊ីនមេគ្រប់គ្រង ទិន្នន័យ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវរៀបចំចងក្រង និងបោះពុម្ពបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលផុតសុពលភាព និងបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងផុតសុពលភាព រយៈពេល ៩០ថ្ងៃខាងមុខ តាមឃុំ សង្កាត់ ទូទាំងប្រទេស។ បញ្ជីនេះ ត្រូវផ្តល់ជូនមេឃុំ ចៅសង្កាត់ ដើម្បីសហការជូនដំណឹង និងចាត់ចែងអញ្ជើញប្រជាពលរដ្ឋទាំងនោះ មកបំពេញ បែបបទ ថតរូប និងផ្ដិតស្នាមក្រឡៅដៃ ទទួលយកអត្តសញ្ញាណប័ណ្ណថ្មីឱ្យបានទាន់ពេលវេលា។

២. ចំពោះប្រជាពលរដ្ឋដែលបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ សាមីខ្លួនត្រូវធ្វើសេចក្តី រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច និងត្រូវទំនាក់ទំនងមកអាជ្ញាធរឃុំ សង្កាត់សាមី ដើម្បីបំពេញបែបបទ ទទួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។

៣. ចំពោះប្រជាពលរដ្ឋដល់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ហើយដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញសាមីខ្លួនទំនាក់ទំនងមក អាជ្ញាធរឃុំ សង្កាត់សាមី ដើម្បីបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

៤. បង្កើតយន្តការអន្តរអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ រួមមាន អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីដឹកនាំគណៈកម្មការជំរុញផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ រាជធានី ខេត្ត ក្នុងការអនុវត្តយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៣។

ដើម្បីធានាអនុវត្តការងារខាងលើនេះឱ្យទទួលបានជោគជ័យ ក្រសួងមហាផ្ទៃសូមអំពាវនាវដល់ ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរផុតសុពលភាព ឬមុនផុតសុពលភាពរយៈពេល ៩០ថ្ងៃ ប្រជាពលរដ្ឋបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រជាពលរដ្ឋដែលគ្រប់អាយុ១៨ឆ្នាំ នៅថ្ងៃ បោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ សូមផ្តល់កិច្ចសហការគាំទ្រ និងចូលរួម ជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយត្រូវទំនាក់ទំនងជាមួយអាជ្ញាធរឃុំ សង្កាត់ ដើម្បីមកបំពេញបែបបទ ប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា និងបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅ តាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ច្រកចេញចូលតែមួយ នៃលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅផ្សារទំនើបអ៊ីអនម៉ល២ សែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋអាចទំនាក់ទំនងសាកសួរព័ត៌មាននានាពាក់ព័ន្ធអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមរយៈ លេខទូរស័ព្ទទាន់ហេតុការណ៍ ១២៧១ ឬ ០១៧ ៨៩៨ ៩១៥៕

ដោយ : សិលា


ចែករំលែក៖