ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីអបអរសាទរ «ទិវាទេសចរណ៍ពិភពលោក” ឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍»

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីអបអរសាទរ “ទិវាទេសចរណ៍ពិភពលោក” ឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” (Rethinking Tourism) ក្រោមអធិបតីភាពលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកអភិបាលខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធាន-មន្ត្រីការិយាល័យ/អង្គភាពចំណុះរដ្ឋបាលខណ្ឌទាំង១១, លោក-លោកស្រីចៅរងសង្កាត់ទាំង០៥, លោក-លោកស្រីប្រធានភូមិទាំង៣៨, លោកប្រធានផ្សារទាំង០២, ក្រុមហ៊ុន ស៊ិន ទ្រី និងមន្ត្រីពាក់ព័ន្ធ។

លោក កៀង ល័ក្ស បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ ” ការគិតគូរឡើងវិញពីទេសចរណ៍” (RETHINKING TOURISM) ថា ប្រធានបទឆ្នាំនេះ ពិតជាឆ្លើយតបនឹងសភាពការណ៍ទេសចរណ៍សកលលោក តំបន់ និងកម្ពុជា ដែលបាននិងកំពុងប្រឈមនឹងឧបសគ្គជាច្រើនស្មុកស្មាញប្រទាក់ក្រឡាគ្នា ដូចជា ការបន្តអូសបន្លាយនៃជំងឺកូវីដ-១៩, បញ្ហាសង្គ្រាមនៅអ៊ុយក្រែន, ការកើនឡើងនៃការបែងចែកប្លុក និងប្រព័ន្ធពហុប៉ូល, សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុជាដើម។ កត្តាទាំងនេះ បានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក, បន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃនិងផលិតភាពសកល, និងជាពិសេស ធ្វើឱ្យសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ច សកលលោកនិងតំបន់មានការថមថយគួរឱ្យកត់សម្គាល់ ដែលជាបច្ច័យអវិជ្ជមានដល់សន្ទុះកំណើនទេសចរណ៍អន្តរជាតិ ផងដែរ។

លោកអភិបាលខណ្ឌបានបន្តថា តាមរយៈបញ្ហាប្រឈមខាងលើនេះ យើងក៏អាចដកស្រង់នូវមេរៀន និងបទពិសោធន៍ ដើម្បីជាកាលានុវត្តភាព ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ប្រកបដោយភាពធន់នឹងវិបត្តិកាន់តែប្រសើរជាងមុន និង ជាធាតុចូលដ៏សំខាន់ក្នុងការគិតគួរធ្វើការអភិវឌ្ឍ និងកែទម្រង់ស៊ីជម្រៅចំពោះអនាគតនៃវិស័យទេសចរណ៍ សម្រាប់ទាំងអស់គ្នា។ ជាក់ស្តែង សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់ សម្រាប់ការពង្រឹងភាពធន់, គាំទ្រ, ជំរុញ និងស្ងោរវិស័យទេសចរណ៍ឡើងវិញ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដោយក្នុងនោះ ផ្តើមចេញពីផែនទីចង្អុលផ្លូវ (Roadmap) ការស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជាត្រូវបានរៀបចំឡើងជា ៣ ដំណាក់កាល+ ដំណាក់កាលទី១(Resilierce & Restart) ជាដំណាក់កាល ភាពធន់នៃវិស័យទេសចរណ៍, ដំណាក់កាលទី២(Recovery) ជាដំណាក់កាលងើបឡើងវិញនៃវិស័យទេសចរណ៍, និង ដំណាក់កាលទី៣ (Relaunch) ជាដំណាក់កាលដំណើរការឡើងវិញ ឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យ ទេសចរណ៍កម្ពុជា។ ជាលទ្ធផល កម្ពុជាបានបើកសកម្មភាពសេដ្ឋកិច្ច សង្គមពេញលេញលើគ្រប់វិស័យ និង ទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ មក ហើយកម្ពុជាត្រូវបានទទួលស្គាល់ជា គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង។ បច្ចុប្បន្ននេះ កម្ពុជាបាន និងកំពុងទទួលនូវកំណើនភ្ញៀវទេសចរ អន្តរជាតិជាបណ្ដើរៗ ហើយរំពឹងថានៅឆ្នាំ២០២២ នេះ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១,៥ លាននាក់ ទៅ ២ លាននាក់ និងប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២៦។

លោក កៀង ល័ក្ស បានបន្តទៀតថា ការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ច សង្គមដ៏ចម្បងមួយសម្រាប់កម្ពុជា គឺ ទាមទារឱ្យមានការគិតគួរឱ្យបានគ្រប់ជ្រុងជ្រោយ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅ លើការធានាចីរភាពកំណើននៃវិស័យដ៍មានសារៈសំខាន់នេះ។ ចំណុចនេះទាមទារចាំបាច់ឱ្យមានការបន្តគិតគួរ លើការជំរុញពិពិធកម្ម គំនិតច្នៃប្រឌិត នវានុវត្តន៍ ដើម្បីធានាភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជានៅក្នុង កម្រិតតំបន់ និងសកលលោក។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវឱ្យមានការចូលរួមឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាប័ទ្ម ដើម្បីឱ្យការអភិវឌ្ឍបានជាផ្លែផ្កាទៅគ្រប់ភាគីពាក់ព័ន្ធ។

ជាមួយគ្នានោះផងដែរ លោកអភិបាលខណ្ឌ បានដឹកនាំចុះសម្អាត អនាម័យ និងរើសសំរាម នៅតាមបណ្ដោយផ្លូវសប៊ិត, ផ្លូវមុខក្រសួងការបរទេស, រង្វង់មូលសម្តេចសង្ឃរាជ ជួន ណាត, ផ្លូវរដ្ឋសភាថ្មី និងសួនច្បារសម្តេច ហ៊ុន សែន ៕

ដោយ៖ ជីណា


ចែករំលែក៖