ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ថ្វាយសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីបុណ្យខួប លើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតថ្វាយព្រះពរ

សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហារត្រ នៃព្រះរាជាណាចក្រកម្ពុជា

បពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ! នាឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យខួប លើកទី១៨ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលនឹងយាងមកដល់នៅថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ទូលព្រះបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់ ជាន់ថ្នាក់ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរបវរមហាប្រសើរថ្លៃថ្លា សូមព្រះអង្គមាន ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុង ព្រះបរមសិរីរាជសម្បត្តិផ្តល់នូវម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រ និងប្រទេសជាតិ។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ដែលព្រះអង្គទ្រង់បានបំពេញនូវព្រះរាជកិច្ចប្រកបដោយទសពិធរាជធម៌ ព្រះគតិបណ្ឌិតឈ្លាសវៃ ព្រះរាជហឫទ័យ សន្តោសប្រណី ហើយជានិច្ចកាលព្រះអង្គតែងបានលះបង់ព្រះកាយពល ពេលវេលាយ៉ាងចុះសួរសុខទុក្ខប្រជារាស្ត្រ ព្រមទាំងបានព្រះរាជទាននូវព្រះរាជទ្រព្យជួយដល់វិស័យសាសនា សុខាភិបាល និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ប្រកបដោយទឹកព្រះទ័យមនុស្សធម៌។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំតាងនាមនគរបាលជាតិទូទាំងប្រទេស សូមលើកហត្ថបួងសួង ដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ បារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ បារមីព្រះបរមរតនកោដ្ឋ សូមជួយប្រោះព្រំព្រះរាជសព្ទសាធុការពរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។

សូម ព្រះករុណា ព្រះបាទសម្តេចព្រះបរនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះមេត្តាប្រោស ទទួលនូវការក្រាបបង្គំទូលថ្វាយដោយគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំ៕

ដោយ : សិលា


ចែករំលែក៖