ភ្នំពេញ ៖ ដោយឃើញពីទុក្ខលំបាក និងការខ្វះខាតជីវភាព របស់ប្រជាពលរដ្ឋចំនួន១២គ្រួសារដែលរស់នៅសង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយឯក ស ថេត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយការងារសង្កាត់បឹងទំពន់ទី១ បានដឹកនាំក្រុមការងារដើម្បីចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋទីទាល់ក្រទាំង១២គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ ដោយក្នុងមួយគ្រួសារទទួលបាន អង្ក ២៥គីឡូ, ទឹកសុទ្ធ ១កេស, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ ។
បន្ទាប់ពីចុះចែកអំណោយជូនប្រជាពលរដ្ឋទាំង១២គ្រួសារ ឯកឧត្តម ក៏បានឆ្លៀតពេលចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវបេតុង១ខ្សែដែលមានទទឹង៥ម៉ែត្រ និងបណ្តោយ១០០ម៉ែត្រ ដែលជាអំណោយរបស់ឯកឧត្តមផ្ទាល់ ហើយឯកឧត្តមក៏បាននាំយកបច្ចៃផ្ទាល់ខ្លួនរបស់ឯកឧត្តមចំនួន ៥០មុឺនរៀល ដើម្បីចូលរួមបុណ្យសពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
សូមបញ្ជាក់ថា, លោកឧត្តមសេនីយឯក ស ថេត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយការងារសង្កាត់បឹងទំពន់ទី១ តែងតែចុះតាមមូលដ្ឋានជួបប្រជាពលរដ្ឋដោយផ្ទាល់ ឬអោយតំណាងចុះជួយប្រជាពលរដ្ខ ជួបសំណេះសំណាល ជួយសម្រាលទុក្ខលំបាក ផ្សេងៗ ៕
ដោយ : សហការី