ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងលោល នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
នៅនៅក្នុងពិធីនេះដែរលោកស្នងការ បានផ្តាំផ្ញេីរ និងណែនាំដល់មន្ត្រីនគរបាលដែលទេីបទទួលបានការតែងតាំងមុខតំណែងថ្មីត្រូវយកចិត្តទុកដាក់ខ្ពស់លេីការបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវតែបម្រេីប្រជាពលរដ្ឋឱ្យបានល្អ ម្យ៉ាងវិញទៀតផ្នែកជំនាញផ្សេងៗទៀតដូចជាចរាចរណ៍ និងសណ្តាប់ធ្នាប់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ដោយមានកាយវិការ និងសំដីឱ្យបានសមរម្យជាមួយប្រជាពលរដ្ឋ។
ជាមួយនេះដែរ លោកស្នងការ បានផ្សព្វផ្សាយស្តីអំពីផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ជូនថ្នាក់ដឹកនាំ គណៈប្រតិភូ សម្រាប់កិច្ចប្រជុំអាស៊ាននាពេលខាងមុខ ព្រមទាំងបានណែនាំដល់លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលខណ្ឌ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំកម្លាំង ដេីម្បីអនុវត្តការងារឱ្យបានល្អ ធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងឱកាសកិច្ចប្រជុំអាស៊ាន ជាពិសេសកម្លាំងចរាចរណ៍ទាំងអស់ត្រូវតែចេញ ជួយសម្រួលចរាចរណ៍ ទាំងក្នុងរាជធានីភ្នំពេញ ក៏ដូចជាច្រកចេញ ចូល រាជធានីភ្នំពេញ ដេីម្បីកាត់បន្ថយការកកស្ទះ និងរៀបចំកម្លាំងឱ្យបានល្អ ដូចជាការស្លៀកពាក់ឯកសណ្ឋានការងារឱ្យបានត្រឹមត្រូវ។ល។
ដោយ : សិលា