ព័ត៌មានទាន់ហេតុការណ៍៖

ភាគីថៃរឹតបន្តឹងសន្តិសុខសម្រាប់ការចេញចូលចំពោះកុមារខ្មែដែលទៅរៀននៅសាលាក្នុងទឹកដីថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីមានព្រឹត្តិការណ៍បាញ់ប្រហារលើកូនក្មេងតូចៗកាលពីខែមុននៅក្នុងប្រទេសថៃនោះពេលនេះអាជ្ញាធរថៃបានរឹតបន្តឹងចំពោះក្មេងខ្មែរដែលត្រូវចូលរៀនសាលានៅក្នុងប្រទេសថៃ។ ការរឹតបន្តឹងនេះនាំឲ្យមានការតវ៉ាពីសំណាក់មាតាបិតាសិស្សមួយចំនួនដែលត្រូវចូលរៀននៅប្រទេសថៃជារៀងរាល់ថ្ងៃនោះ។

កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ មានការផ្ទុះការតវ៉ាមួយប្រាវ នៅមុខកុងស៊ុលកម្ពុជា ប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ថៃ បានរឹតបន្តឹង​ចំពោះការចេញចូលទៅសាលារបស់សិស្សាសាលាខ្មែរ ឆ្លងដែន តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

អាជីវករខ្មែរក្នុងផ្សាររោងក្លឿប្រទេសថៃនាំគ្នាតវ៉ានៅមុខកុងស៊ុលកម្ពុជាប្រចាំស្រុកអារញ្ញឱ្យជួយសម្របសម្រួល  ចំពោះការរឹតបន្តឹងរបស់អាជ្ញាធរថៃ លើការចេញចូលរបស់​សិស្ស ឆ្លងដែនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលតម្រូវឱ្យមានអាណាព្យាបាល​ជូនចេញ ។

ឧត្តមសេនីយន៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំ ដែនអន្តរជាតិប៉ោយប៉ែត ​បានបញ្ជាក់ថា ​អាជ្ញាធរថៃ ពិតជាបានរឹតបន្តឹងលើការចេញ ចូលរបស់​សិស្សសាលាមែន ដោយភាគីថៃ ​តម្រូវឱ្យអាណាព្យាបាលសិស្ស ដែលត្រូវចេញទៅរៀននៅ​ខាងដី​ខ្មែរ ត្រូវជូនកូនឆ្លង ច្រកចៀសវាងមានបញ្ហាអ្វីកើតឡើងលើក្មេង​ ហើយចោទលើសមត្ថកិច្ច ។

ឧត្តមសេនីយន៍ត្រី ​បានឲ្យដឹងទៀតថា ​ក្នុងមួយថ្ងៃៗ មានសិស្សសាលាខ្មែរ និងថៃ អាយុចាប់ពី៦ឆ្នាំ ឡើង ដែលជាកូនអាជីវករខ្មែរ​ លក់ដូរនៅផ្សាររោក្លឿ និងកូនពលរដ្ឋខ្មែរ ​នៅក្រុងប៉ោយប៉ែត ចេញចូលទៅរៀននៅសាលាក្នុងទឹកដីថៃ និងខ្មែរ​ ចំនួនជាង៣០០នាក់ ​ក្នុងនោះកូនសិស្ស ដែល​ចេញពីថៃ មករៀននៅ សាលារដ្ឋ និងឯកជន នៅក្រុងប៉ោយប៉ែត មានពី២៧០នាក់ ទៅ ៣០០នាក់។ សិស្សទាំងអស់នោះ ចេញ ចូល ត្រូវបាន ខាងសមត្ថកិច្ចខ្មែរសម្របសម្រួលជាមួយនគរបាល​អន្តោប្រវេសន៍ថៃ បង្កលក្ខណៈងាយស្រួល ​ក្នុងការឆ្លង ដែនចេញចូល ​ដើម្បីទៅរៀនទាន់ពេល ។សម្រាប់ឯកសារ ដែលសិស្សានុសិស្សត្រូវប្រើកន្លងមក គឺមានប័ណ្ណព្រំដែន​ និងកាតសាលា ភ្ជាប់​ជាមួយ​កាតចាក់វ៉ាក់សាំង។

ដើម្បីសម្រួលដល់ការចេញចូលរបស់សិស្សានុសិស្សឆ្លងព្រំដែន ​នគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ទាំង ពីរ ​គឺកម្ពុជា ថៃ ​បានជួបប្រជុំគ្នារកដំណោះស្រាយ ​ដោយការធ្វើកាតថ្មីជូនសិស្ស បិទ​លើ​ប័ណ្ណព្រំដែន ដែលកាតនេះតម្រូវក្នុងមួយសប្តាហ៍ត្រូវប្រថាប់ត្រាម្តង ៕

ដោយ៖ សូរិយា


ចែករំលែក៖