ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួន​ជនល្មើសចំនួន៣នាក់​ ទៅតុលាការ​ក្រោយកងរាជអាវុធហត្ថព្រះសីហនុ​ បំបែកសំណុំរឿងចាប់ជំរិតជនជាតិចិនដូចគ្នាយកលុយ១៧ម៉ឺនដុល្លារ និងសម្លាប់ជនរងគ្រោះ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ បេី​តាមការបញ្ជាក់ពី​លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែង​ឱ្យ​ដឹង​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងកងរាជអាវុធហត្ថខេត្ត​ បានធ្វេីការ​ស្រាវជ្រាវ​រហូត​បំបែក​សំណុំរឿងចាប់ជំរិតជនជាតិចិនដូចគ្នា យកលុយ១៧ម៉ឺនដុល្លារ នៅចំណុចក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា ស្ថិតនៅក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយ​ឃាត់ខ្លួនជនល្មើសចំនួន៣នាក់​ និងដកហូតលុយមកវិញបាន១០ម៉ឺនដុល្លារ ប៉ុន្ដែអកុសលជនរងគ្រោះត្រូវបានពួកគេសម្លាប់។​

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានថ្លែងបន្តថា​ ករណី​ខាងលេីនេះ​ ការិយាល័យជំនាញព្រហ្មទណ្ឌ អាវុធហត្ថខេត្ត នៅវេលាម៉ោង ១២៖០០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២កន្លងទៅ​ បានទទួលពាក្យបណ្តឹងពីឈ្មោះ JIANG QIAO ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន ស្តីពីការបាត់ប្តីរបស់ខ្លួន ឈ្មោះ NAN X ING ជនជាតិចិន កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចទីតាំងក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា ស្ថិតនៅក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

ក្រោយពីទទួលពាក្យបណ្តឹង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងខត្តព្រះសីហនុ កម្លាំងការិយាល័យជំនាញ បានបើកការស្រាវជ្រាវ ចុះទៅដល់ទីតាំងខាងលើ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន ទី១៖ឈ្មោះ Liang Jing អាយុ៣៩ឆ្នាំ ជនជាតិចិន (ជាប្រពន្ធមេក្លោង) និងទី២៖ឈ្មោះ Wang Xudong ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិចិន (មេការទីតាំងខាងលើ)។ ក្រោយពីធ្វើការសាកសួរ តាមជំនាញរួចមកម្ចាស់ទីតាំងបានប្រាប់មកសមត្ថកិច្ចថា ជនសង្ស័យជាមេក្លោងបានទៅភ្នំពេញ បម្រុងឡើងយន្តហោះទៅកាន់ប្រទេសថៃ។

បន្ទាប់មកកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានពន្លាតដែនដីទៅរាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ Zang Tanning ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន (មេក្លោង) នាំយកមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

ក្រោយពីធ្វើការសាកសួរ ចម្លើយជនសង្ស័យបានសារភាពថា ខ្លួន និងបក្សពួក បានលួងលោមហៅជនរងគ្រោះទៅហូបបាយនៅទីតាំងខាងលើ ក្រោយមកក៏បាននាំជនរងគ្រោះទៅបន្ទប់ស្នាក់នៅរបស់ខ្លួន ដើម្បីធ្វើសកម្មភាពជំរិតទារប្រាក់ (ផ្ទេរតាមប្រព័ន្ធ USDT ចំនួន១០០,០០០ដុល្លារ និងតាមធនាគារហុយវ័ង ចំនួន៧០,០០០ដុល្លារ ក្រោយពីទទួលបានលុយរួច ខ្លួន និងបក្សពួកបានសម្លាប់ជនរងគ្រោះនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន។ ចំពោះសាកសពជនរងគ្រោះ បានយកទៅប្លុងចោល នៅក្រៅទីតាំងធ្វើសកម្មភាព។

រហូតដល់វេលាម៉ោង ០២៖៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថជំនាញ បានស្រាវជ្រាវ និងស្វែងរកសាកសពជនរងគ្រោះឃើញ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រហូតដល់វេលាម៉ោង ០៧៖៥២នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងមន្ទីរជំនាញអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងអាវុធហត្ថខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យបន្ថែមម្នាក់ទៀត ឈ្មោះ Zang Chuan Gang អាយុ៣៩ឆ្នាំ ភេទប្រុស ជនជាតិចិន នៅចំណុចភូមិព្រៃតាមៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ យកមកបន្តនីតិវិធីនៅអាវុធហត្ថខេត្តព្រះសីហនុ។

រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៣៖០៥នាទីរសៀល តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ Sang in Chuan Sang (ហៅ Dalong) កម្លាំងអាវុធហត្ថជំនាញបានចុះទៅកន្លែងទីតាំងក្រុមហ៊ុនតាសឹងសានជ័ង ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានឆែកឆេរក្នុងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ រកឃើញវត្ថុតាងបន្ថែម រួមមាន៖ អាវុធខ្លី ចំនួន២ដើម ម៉ាកSZ 75 COMPACT លេខA 134409 និងម៉ាកSZ-07 លេខD 134090 បង់ចំនួន៣ និងគ្រាប់ចំនួន៦៩គ្រាប់។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបន្ថែមទៀតថា ក្រោយពីកម្លាំងការិយាល័យជំនាញបានធ្វើការសាកសួរតាមវិធានការជំនាញចំពោះសាក្សីចំនួន៥នាក់៖ 

*ទី១៖ ឈ្មោះ WANG XUDONG (ហៅ WANG ZHONG) អាយុ៥៥ឆ្នាំ ជនជាតិចិន មុខរបរលេខាសមាគមចិន

*ទី២៖ ឈ្មោះ JIN ZHE NING (ហៅ JIN ZHONG) អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ

*ទី៣៖ ឈ្មោះ HU SHENG MING អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរបើកហាងលក់ផ្លែឈើ

*ទី៤៖ ឈ្មោះ Liu Xin Mei ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន Jin se gang Wan

*ទី៥៖ ឈ្មោះ TANG LAN ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ ត្រូវបានព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ អនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ នៅយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្មាំ២០២២។

រហូតមកដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន៣នាក់ រួមជាមួយវត្ថុតាងមួយចំនួនទៀត ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី រួមមាន៖

*ទី១៖ ឈ្មោះ ZANG YANMING អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរថៅកែក្រុមហ៊ុន តាសឹងសានជ័ង បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

*ទី២៖ ឈ្មោះ ZANG CHUANGANG (ហៅ DA LONG) អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរប្រធានសន្ដិសុខ ក្រុមហ៊ុន តាសឹងសានជ័ង

*ទី៣៖ ឈ្មោះ LIANG JINGJING ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរថៅកែហាង ក្រុមហ៊ុន តាសឹងសានជ័ង។

 ក្នុងប្រតិបត្តិការស្រាវជ្រាវជាបន្ដបន្ទាប់ពេញមួយសប្ដាហ៍ ក្រោយការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តព្រះសីហនុ, ខេត្តតាកែវ និងព្រះរាជអាជ្ញារាជធានីភ្នំពេញ ព្រមទាំងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ។

សូមជម្រាបដែរថា​ ចំពោះថវិកាដែលជនសង្ស័យចាប់ជំរិតយកពីជនរងគ្រោះចំនួន១៧០,០០០ដុល្លារ កម្លាំងអាវុធហត្ថជំនាញប្រមូលយកបានមកវិញ ចំនួន១០១,៥០០ដុល្លារ និងបានប្រគល់ជូនទៅក្រុមគ្រួសារជនរងគ្រោះរួចរាល់គ្រប់ចំនួន៕

ដោយ​៖សហការី​


ចែករំលែក៖