ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ចាមសេចក្តីប្រកាសព័ត៌មានករណីកម្មករ ពុលស្រា.ស នៅចំការចេកក្រុមហ៊ុន ឡុង ស្រេង ហ័រជាន អាគ្រីហ្គ្រីខលឈ័រ ឌីវីឡុបម៉ិន ឯក

ចែករំលែក៖

ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់បានជ្រាបថា កាលពីវេលាម៉ោង ៧:០០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ថា មានកម្មករ ៣នាក់ស្លាប់ និងកម្មករ ៦៩នាក់ ស្រី២៧នាក់ មានអាការៈ ស្រវាំងភ្នែក ឈឺក ឆ្អល់ពោះ និងពិបាកដក ដង្ហើម ស្ថិតនៅចំការចេក ភូមិ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

បន្ទាប់ពីទទួលបានព័ត៌មាន រដ្ឋបាលខេត្តកំពង់ចាម បានណែនាំអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងនោះក៏បានសហការជាមួយក្រុមហ៊ុន ឡុង ស្រេង ហ័រជាន អាគ្រីហ្គ្រីខលឈ័រ ឌីវីឡុបម៉ិន ឯក ចុះជួយអន្តរាគមន៍បន្ទាន់ និងបានបញ្ចូនកម្មករ កម្មការិនី រងគ្រោះទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ចំពោះអ្នកដែលមានអាការៈធ្ងន់ធ្ងរ បានបញ្ជូនបន្តទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដោយក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ខិតខំព្យាបាល រហូតមកដល់ពេលនេះបានជាសះស្បើយ ត្រឡប់ទៅផ្ទះរៀងៗខ្លួនអស់ហើយ។

យោងតាមរបាយការណ៍លទ្ធផលវិភាគលេខ១៧០/២២មជពស ចុះថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ របស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានធ្វើសំណាកស្រា.ស ដែលបានប្រមូលពីកន្លែង កើតហេតុ និងទីតាំងពាក់ព័ន្ធ បានបង្ហាញលទ្ធផល ថាមានសារធាតុពុលមេតាណុលកម្រិតគ្រោះថ្នាក់ខ្លាំង រហូត៩,៣ភាគរយ ហួសកម្រិតដែលអាចផឹកបានត្រឹមក្រោម០,១ភាគរយ (>0.1%)។

ដូចនេះ ដើម្បីធានាសុវត្ថិភាព និងបង្ការគ្រោះថ្នាក់បន្ថែមទៀត រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បី ជៀសវាងគ្រោះថ្នាក់ដល់ជីវិត។

រដ្ឋបាលខេត្តកំពង់ចាម  សូមធ្វើការបដិសេធន៍ទាំងស្រុង រាល់ពាក្យចចាមអារាមទាំងឡាយ ដែលផ្សព្វផ្សាយបំភ្លៃការពិតបំប៉ោងព័ត៌មានចេតនាអាក្រក់ ធ្វើឲ្យមហាជនបាត់ជំនឿទុកចិត្ត លើការដឹកនាំ របស់រដ្ឋបាលខេត្ត។

ថៃ្ងព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦កំពង់ចាម ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ចាម ៕

 

ដោយ ៖ វណ្ណៈ


ចែករំលែក៖