តាមលទ្ធផលស្ទង់មតិថ្មីបំផុត របស់កម្មវិធី DeutschlandTrend បង្ហាញឱ្យឃើញថា មានពលរដ្ឋអាល្លឺម៉ង់ជាង៥៥% ចង់ឱ្យរដ្ឋាភិបាលទីក្រុង Berlin ចូលរួមយ៉ាងសកម្មដើម្បីជួយបញ្ចប់ សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។
នៅក្នុងលទ្ធផលស្ទង់មតិបង្ហាញឱ្យឃើញថា ពលរដ្ឋអាល្លឺម៉ង់ជាង ៧០% យល់ឃើញថា វាមិនចាំបាច់ ត្រូវផ្តល់អាវុធទៅឱ្យអ៊ុយក្រែននៅក្នុងសង្គ្រាមនោះឡើយ។ សកម្មភាពខាងលើរបស់ពលរដ្ឋអាល្លឺម៉ង់ ក្នុងពេលដែលអ៊ុយក្រែន អំពាវនាវឱ្យបង្កើនការផ្តល់អាវុធសម្រាប់សង្គ្រាមតទល់ជាមួយរុស្ស៊ី។
ក្នុងពេលនេះដែរ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានប្រកាសកញ្ចប់ជំនួយផ្នែកសន្តិសុខថ្មីទៀត ទំហំ៤០០លានដុល្លារសម្រាប់អ៊ុយក្រែន ដែលរួមមានរថក្រោះសម័យសូវៀត T-72 ដែលត្រូវបានកែលម្អបន្ថែម, ប្រព័ន្ធការពារដែនអាកាស HAWK ព្រមទាំងដ្រូន Phoenix Ghost។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោកស្រី សាប៊្រីណា ស៉ីញ (Sabrina Singh) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក និងនេដឺឡង់ (ហុល្លង់) នឹងចែកគ្នាចេញថ្លៃចំណាយសម្រាប់ការកែលម្អរថក្រោះ T-72 ចំនួន៩០គ្រឿង ខណៈដែលការងារនោះនឹងប្រព្រឹត្តទៅនៅក្នុងសាធារណរដ្ឋឆែក ហើយរថក្រោះមួយចំនួននឹងប្រគល់ទៅដល់ដៃអ៊ុយក្រែនមុនដំណាច់ឆ្នាំនេះ។
ក្រៅពីនេះ ក្នុងកញ្ចប់ជំនួយថ្មីខាងលើ អ៊ុយក្រែននឹងទទួលបានដ្រូន ហ្វីណិច ហ្គោស ចំនួន១,១០០គ្រឿងបន្ថែម រួមទាំងកាណូតយោធាចំនួន ៤០គ្រឿង។ មិនតែប៉ុណ្ណោះ អ៊ុយក្រែនក៏នឹងបានប្រព័ន្ធមីស៉ីលការពារដែនអាកាស MIM-23 HAWK ផងដែរ ប៉ុន្តែមិនមានការបញ្ជាក់ថា ចំនួនប៉ុន្មានឡើយ។ មីស៉ីលនេះ មានអាយុកាលរាប់ទសវត្សរ៍មកហើយ ប៉ុន្តែបានឆ្លងកាត់ការធ្វើទំនើបកម្មជាច្រើនលើក និងអាចបាញ់បានចម្ងាយឆ្ងាយជាងប្រព័ន្ធការពារអាកាសប្រភេទបំពាក់លើស្មា ស្ទីងហ្គែរ (Stinger)។
គិតចាប់តាំងពីរុស្ស៉ី បានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាគិតជាទឹកប្រាក់សរុបយ៉ាងហោច ១៨ពាន់លានដុល្លារហើយ ដល់ទីក្រុងកៀវ៕ ដោយ៖ ធីរីណា
រូបថត៖ AFP