ស្របពេលដែលការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំនេះខិតជិតមកដល់ កីឡាករក្នុងក្រុមជម្រើសជាតិមួយចំនួនកំពុងញុំាញីដោយបញ្ហារបួស និងអាចខកខានការបង្ហាញខ្លួនឲ្យជម្រើសជាតិរបស់ខ្លួនក្នុងព្រឹត្តិការណ៍ខាងលើដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករដែលត្រូវបានបដិសេធ ឬមានការសង្ស័យមិនអាចបង្ហាញខ្លួនបានសម្រាប់ព្រឹត្តិការណ៍ World Cup ដោយសាររបួស។
១. Paul POGBA (បារាំង) ៖ Pogba បានរងរបួសជង្គង់របស់គាត់នៅមុនបើករដូវកាល ហើយបានទៅព្យាបាលកាលពីខែកញ្ញាដើម្បីជួសជុលរបួសរបស់គាត់។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានបន្តការហ្វឹកហាត់ឡើងវិញ ប៉ុន្តែនៅថ្ងៃទី៣១ ខែតុលា ភ្នាក់ងាររបស់គាត់បាននិយាយថា ខ្សែបម្រើរូបនេះនឹងមិនត្រលប់មកលេងឱ្យ Juventus ឬលេងឲ្យម្ចាស់ការពារជើងឯកពិភពបារាំងលោកមុនការប្រកួត World Cup នោះទេ។
២. N’GOLO KANTE (បារាំង) ៖ ខ្សែបម្រើរបស់ Chelsea រូបនេះបានទទួលរងនូវការធ្លាក់ចុះនៅក្នុងការស្តារឡើងវិញពីរបួសសរសៃពួរដែលបានដាក់កម្រិតគាត់ក្នុងការបង្ហាញខ្លួនចំនួន២លើកក្នុងរដូវកាលនេះ។ គាត់នឹងត្រូវអវត្តមានរយៈពេល៤ខែបន្ទាប់ពីទទួលការវះកាត់។
៣. REECE JAMES (អង់គ្លេស) ៖ ខ្សែការពារស្តាំវ័យ២២ឆ្នាំរូបនេះបានរងរបួសជង្គង់របស់គាត់ក្នុងការប្រកួត Champions League របស់ Chelsea ទល់នឹង AC Milan ក្នុងខែតុលា ហើយមើលទៅប្រាកដណាស់ថា នឹងខកខានការប្រកួតនៅប្រទេសកាតាបន្ទាប់ពីត្រូវបានដកចេញអស់រយៈពេល៨សប្តាហ៍។
៤. DIOGO JOTA (ព័រទុយហ្គាល់) ៖ ខ្សែប្រយុទ្ធ Liverpool នឹងខកខានការប្រកួតដោយសារតែរបួសកំភួនជើងក្នុងការយកឈ្នះ Manchester City ប៉ុន្តែអ្នកចាត់ការក្លិបលោក Juergen Klopp បាននិយាយថា គាត់នឹងមិនទាមទារការវះកាត់ទេ។
៥. PEDRO NETO (ព័រទុយហ្គាល់) ៖ ខ្សែបម្រើស្លាប Wolverhampton Wanderers វ័យ២២ឆ្នាំរូបនេះនឹងទទួលការវះកាត់របួសកជើងពេលប៉ះ West Ham United ក្នុងខែតុលា។
៦. BOUBACAR KAMARA (បារាំង) ៖ ខ្សែបម្រើ Aston Villa បានរងរបួសសរសៃពួរជង្គង់កាលពីខែកញ្ញា ដែលនឹងធ្វើឱ្យគាត់អវត្តមានរហូតដល់ការប្រកួតបាល់ទាត់ពិភពលោក។
៧. ARTHUR MELO (ប្រេស៊ីល) ៖ ខ្សែបម្រើខ្ចីជើងរបស់ Liverpool បានរងរបួសសាច់ដុំក្នុងការប្រកួត Champions League ជាមួយ Rangers ក្នុងខែតុលា។
៨. JESUS ‘TECATITO’ CORONA (ម៉ិកស៊ិក) ៖ ខ្សែបម្រើស្លាបរបស់ក្រុម Sevilla រូបនេះបានរងរបួសបាក់កជើងខាងឆ្វេង ខណៈដែលគាត់កំពុងហ្វឹកហាត់ជាមួយក្លិប La Liga កាលពីខែសីហា ហើយបានទទួលការវះកាត់។កីឡាករវ័យ២៩ឆ្នាំរូបនេះត្រូវបានគេដាក់ឈ្មោះក្នុងក្រុមជម្រើស៣១នាក់ដំបូងរបស់គ្រូបង្វឹកម៉ិកស៊ិកលោក Gerardo Martino ប៉ុន្តែគ្រូបង្វឹក Sevilla លោក Jorge Sampaoli បាននិយាយថា គាត់អាចត្រលប់មកហ្វឹកហាត់វិញត្រឹមខែធ្នូប៉ុណ្ណោះ។
៩. BEN CHILWELL (អង់គ្លេស) ៖ ខ្សែការពារឆ្វេង Ben Chilwell បានរងរបួសសរសៃពួរអំឡុងពេលបន្ថែមម៉ោងក្នុងការប្រកួត Champions League របស់ Chelsea លើក្រុម Dinamo Zagreb ។ លោក Graham Potter អ្នកចាត់ការទូទៅរបស់ក្រុមតោខៀវបាននិយាយថា “វាមើលទៅមិនវិជ្ជមានទេ ប៉ុន្តែវាជាការរបួសសរសៃពួរ។ យើងនឹងត្រូវស្កេន ហើយមើលថាតើវាជាអ្វី” ។
១០. SON HEUNG-MIN (កូរ៉េខាងត្បូង) ៖ ខ្សែប្រយុទ្ធ Son Heung-min របស់ក្លិប Tottenham Hotspur បានរងរបួសផ្ទៃមុខបន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយ Chancel Mbemba អំឡុងពេលការប្រកួត Champions League ទល់នឹងក្រុម Olympique de Marseille។ ក្លិប Spurs បានអះអាងថាខ្សែប្រយុទ្ធរូបនេះនឹងធ្វើការវះកាត់ពីការបាក់ឆ្អឹងជិតភ្នែក។
១១. ROMELU LUKAKU (បែលហ្ស៊ិក) ៖ ខ្សែប្រយុទ្ធ RomeluLukaku របស់ក្លិប Inter Milan បានរងរបួសសរសៃពួររបស់គាត់ម្តងទៀត បន្ទាប់ពីបានត្រលប់មកវិញបន្ទាប់ពីសម្រាករយៈពេល២ខែ។
១២. PAULO DYBALA (អាហ្សង់ទីន) ៖ គ្រូបង្វឹកក្រុម AS Roma លោក Jose Mourinho បាននិយាយថា ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានរងរបួសធ្ងន់ នៅពេលដែលគាត់បានកែសាច់ដុំភ្លៅ ខណៈដែលប្តូរបាល់ប៉េណាល់ទីទល់នឹងក្រុម Lecce ។
១៣. KYLE WALKER (អង់គ្លេស) ៖ ខ្សែការពារ Manchester City បានទទួលការវះកាត់ក្រលៀនដោយជោគជ័យកាលពីដើមខែតុលា ប៉ុន្តែកីឡាករវ័យ៣២ឆ្នាំរូបនេះបាននិយាយថា គាត់មានទំនុកចិត្តថាគាត់នឹងជាសះស្បើយពេញលេញក្នុងពេលវេលាដើម្បីធ្វើដំណើរទៅកាន់ប្រទេសកាតានោះទេ។
១៤. KALVIN PHILLIPS (អង់គ្លេស) ៖ ខ្សែបម្រើ Manchester City រូបនេះត្រូវបានអវត្តមានដោយសារបញ្ហាស្មា ប៉ុន្តែអាចត្រលប់មកវិញមុនការប្រកួត World Cup ក៏ថាបាន។
១៥. RONALD ARAUJO (អ៊ុយរ៉ាហ្គាយ) ៖ ខ្សែការពារកណ្តាលរបស់ក្លិប Barcelona រូបនេះបានជ្រើសរើសធ្វើការវះកាត់ភ្លៅកាលពីចុងខែកញ្ញា ដោយនិយាយថា គាត់បានសម្រេចចិត្តធ្វើការវះកាត់ដើម្បីត្រលប់មកវិញ១០០ភាគរយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
១៦. ANGEL DI MARIA (អាហ្សង់ទីន) ៖ ខ្សែបម្រើស្លាបរបស់ Juventus រូបនេះនឹងត្រូវអវត្តមានរហូតដល់ដើមខែវិច្ឆិកា ដោយសាររបួសសរសៃពួរ ដែលក្លិបបានប្រកាសថា ត្រូវការពេលប្រហែល៣សប្តាហ៍ដើម្បីព្យាបាល ។
គួរបញ្ជាក់ថា ចំនួនកីឡាករដែលមានបញ្ហារបូសខាងលើនេះ គឺជាបញ្ជីឈ្មោះមិនទាន់ផ្លូវការនៅឡើយទេ ដោយអាចនឹងមានកីឡាករមួយចំនួនទៀត អាចនឹងមានបញ្ហាក្នុងពេលប្រកួតនៅក្លិបរបស់ខ្លួន ខណៈដែលការប្រកួត World Cup នៅសល់ប្រហែល២សប្តាហ៍ទៀតនឹងមកដល់ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)