ភ្នំពេញ៖ «យុទ្ធនាការអន្ទាក់សូន្យ»ដែលបានផ្តួចផ្តើមគំនិតនិងដឹកនាំដោយក្រសួងបរិស្ថានដោយមានការចូលរួមសហការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិដែលបានប្រារព្ធឡើងនៅខេត្តចំនួន ៦ រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំពីខែមីនា ដល់ខែកញ្ញា ឆ្នាំ ២០២២ បានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈ»។ នេះគឺជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការអន្ទាក់សូន្យនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងតំណាងអង្គការក្រៅរដ្ឋាភិបាល ជាតិនិងអន្តរជាតិដែលជាដៃគូរៀបចំយុទ្ធនារអន្ទាក់សូន្យ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ដល់អង្គការដៃគូដែលបានចូលរួមជាមួយក្រសួងបរិស្ថានរៀបចំយុទ្ធនាការដ៏មានសារៈសំខាន់ដើម្បីផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋចំពោះការហូបសាច់សត្វព្រៃ និងការផ្សព្វផ្សាយពីផល លំបាកនៃអន្ទាក់ទៅលើសុវត្ថិភាពសត្វព្រៃនិងមនុស្ស។
សត្វព្រៃនៅកម្ពុជាមានហានិភ័យខ្ពស់ដោយសារវិបត្តិការបរបាញ់ និងការដាក់អន្ទាក់។ ដើម្បីដោះស្រាយវិបត្តិនេះ ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍បានធ្វើការរួមគ្នាក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន ដោយមានភាពជាដៃគូជាមួយអង្គការ WWF ទីភ្នាក់ងារជំនួយអាមេរិក USAID សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការរីខូហ្វ អង្គការ BirdLife និង អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) អង្គការ RECOFT ដើម្បីបើកជាផ្លូវការនៃយុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា។ ក្នុងរយៈពេលប្រាំបួនខែ ដៃគូពាក់ព័ន្ធទាំងអស់បានប្តេជ្ញាលុបបំបាត់ការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃតាមរយៈយុទ្ធនាការជាតិនេះ។ ក្រសួងបរិស្ថាន ព្រមទាំងដៃគូអភិរក្ស និងដៃគូអភិវឌ្ឍន៍ធ្វើការរួមគ្នាដើម្បីផ្តល់ជម្រើសមុខរបរ រួមទាំងគំនិតផ្តួចផ្តើមកសិកម្ម និងអេកូទេសចរណ៍ ដល់សមាជិកសហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ដែលមានទំនៀមទម្លាប់ពឹងផ្អែកលើការប្រមូលអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃតាមបែបប្រពៃណីដើម្បីយកសាច់បរិភោគ និងជួញដូរផ្សេងៗ។
យោងតាមលទ្ធផល ៦ ខែនៃយុទ្ធនាការ យុទ្ធនាការអន្ទាក់សូន្យទាំង ៦ខេត្តមានអ្នកចូលរួមដោយផ្ទាល់ជាង ៣ ពាន់នាក់ មានអត្ថបទព័ត៌មានជាង ៦០០ ចំណងជើងត្រូវបានសរសេរនិងចុះផ្សាយលើបណ្តាញព័ត៌មានជាតិនិងអន្តរជាតិ និងបានផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋជាង ៣ លាននាក់។ ជាមួយគ្នានេះ ភោជនីយដ្ឋានចំនួន ៥២ ក្នុងខេត្ត ៦ នៃខេត្រគោលដៅយុទ្ធនាការអន្ទាក់សូន្យ បានប្រកាសជាកន្លែងមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃ ហើយភោជនីយដ្ឋានទាំងនេះទទួលបាននូវបណ្ណសរសើរមេត្រីបរិស្ថានពីក្រសួងបរិស្ថានចំពោះការតាំងចិត្តនិងចូលរួមក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់។
លោក នេត្រ ភក្ត្រា បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់បរិស្ថាននិងធនធានធម្មជាតិ ជាពិសេសជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ ដោយ«រក្សាព្រៃឈើបាន នឹងសម្បូណ៌សត្វព្រៃ»។ សាធារណជនជារួមបានដឹងពីយុទ្ធនាការ អន្ទាក់សូន្យ និងបានទទួលព័ត៌មានយ៉ាងទូលំទូលាយពីអ្វីដែល បានផ្សព្វផ្សាយចេញពីយុទ្ធនាការអន្ទាក់សូន្យ។
ទាំងមន្ត្រីក្រសួងបរិស្ថាននិងអង្គការសង្គមស៊ីវិលដែលធ្វើការងារអភិរក្សបានបង្ហាញការពេញចិត្តចំពោះលទ្ធផលដែលទទួលបានពីយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ ខែមកនេះដោយបានគូសបញ្ជាក់ថាវាជាកិច្ចការងារចាំបាច់បំផុតដែលក្រសួងបរិស្ថាននិងអង្គការដៃរួមគ្នាធ្វើយុទ្ធនាការរួមគ្នា ដើម្បីលុបបំបាត់អម្ទាក់ដែលជាឃាតកលាក់មុខសម្លាប់សត្វព្រៃកម្ពុជាជារៀងរាល់ថ្ងៃ។ គេមិនដឹងថាក្នុងមួយឆ្នាំមានអន្ទាក់ប៉ុន្មាននោះទេដែលត្រូវបានដាក់ក្នុងតំបន់ការពារធម្មជាតិកម្ពុជា តែយោងតាមទិន្នន័យនៃក្រសួងបរិស្ថាន អន្ទាក់ជាង ៦ ម៉ឺនត្រូវបានដោះនៅឆ្នាំ ២០២១ កន្លងទៅ។ តាមការសិក្សាកន្លងទៅ បរិមាណអន្ទាក់ត្រឹមតែ ២០% ប៉ុណ្ណោះដែលដោះចេញពីតំបន់ការពារធម្មជាតិក្នុងមួយឆ្នាំ។ លោក នេត្រ ភក្ត្រា បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យនឹងមិនបញ្ឈប់ត្រឹមនេះទេ ប៉ុន្តែនឹងបន្ត ធ្វើជាលក្ខណៈភ្លៀងរលឹម ហើយនឹងត្រូវពង្រីកទៅកាន់តំបន់ជួរភ្នំក្រវ៉ាញដូចជាខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ជាដើមដែលជាតំបន់មានតំបន់ការពារធម្មជាតិ និងមានការលួចបរបាញ់ និងលក់ដូរសាច់សត្វព្រៃខុសច្បាប់៕
ដោយ៖សហការី