តាមសារព័ត៌មាន The New York Times បានផ្សាយថា មន្ត្រីរដ្ឋាភិបាលទីក្រុងកៀវ ប្រទេសអ៊ុយក្រែនបានត្រៀមលក្ខណៈ ជម្លៀសពលរដ្ឋប្រមាណ៣លាននាក់នៅក្នុងទីក្រុងនេះ ប្រសិនបើ ប្រព័ន្ធអគ្គិសនីត្រូវបានកាត់ផ្តាច់នោះ។
អ៊ុយក្រែនបានអនុម័តការផ្តាច់ប្រព័ន្ធអគ្គិសនីប្តូរវេនគ្នា រួមទាំងរដ្ឋធានីកៀវ ដោយសារតែកង្វះថាមពល។ លោក Roman Tkachuk អគ្គនាយកសន្តិសុខទីក្រុងកៀវបានលើកឡើងថា «បណ្តាញអគ្គិសនីនៅក្នុងប្រទេស មានការកាត់ផ្តាច់ក្នុងតំបន់មួយចំនួននៅទីក្រុងកៀវ ហើយអាចនឹងត្រូវកាត់ផ្តាច់នៅទូទាំងប្រទេស» ។
រដ្ឋាភិបាលទីក្រុងកៀវបានព្យាករថា ស្ថានភាពអាចនឹងអាក្រក់ជាងនេះ ។ រដ្ឋាភិបាលនឹងប្រកាសមុន ១២ម៉ោងមុនពេលបណ្តាញអគ្គិសនីត្រូវកាត់ផ្តាច់ទាំងស្រុង។ ក្នុងពេលរងការកាត់ផ្តាច់យើងនឹងប្រកាសជម្លៀសពលរដ្ឋទាំងអស់នៅក្នុងទីក្រុងចេញទៅកាន់តំបន់មានសុវត្ថិភាព។
ក្នុងពេលរដូវរងាជិតមកដល់ រដ្ឋាភិបាលទីក្រុងកៀវបានត្រៀមរូងក្រោមដីជាង១០០០ដើម្បីឱ្យពលរដ្ឋគេចពីអាកាសធាតុត្រជាក់ និងគេចពីការវាយប្រហារតាមដែនអាកាស របស់រុស្ស៊ីផងដែរ៕
ដោយ៖ ធីរីណា(រូបថត ៖ hanoitv.vn)