ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ : មន្ត្រីរាជការអញ្ជើញដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ ក្នុងឱកាស​បុណ្យ​ឯករាជ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកានេះ បានបង្ហោះលើផេកផ្លូវការថា, នៅ​រសៀល​ថ្ងៃទី​៨​ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​តាម​បណ្តា​ក្រសួង ស្ថាប័ន នានា បាន​អញ្ជើញ​ទៅ​ដាក់​កំរងផ្កា​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន យុទ្ធ​នារី វីរបុរស​អ្នកស្នេហាជាតិ​ដែល​បាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​ដែល​បាន​ធ្វើឡើង​នៅ​វិមានឯករាជ្យ​ ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៩(៩​វិច្ឆិកា ១៩៥៣ – ៩​វិច្ឆិកា ២០២២)​។

សម្តេច តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះ រាជាណាចក្រ កម្ពុជា បានមានប្រសាសន៍ លើកឡើងថា, ​ទិវា​បុណ្យ​ឯករាជ្យ​៩​វិច្ឆិកា​ឆ្នាំ​២០២២នេះ​ ត្រូវបាន​ប្រារព្វ​ឡើង​ស្របគ្នា​ទៅនឹង​ថ្ងៃកំណើត​លើក​ទី៩ នៃ​កង​យោពល​ខេមរៈភូមិន្ទ​ផងដែរ ហើយ​ក្នុង​ថ្ងៃទី​៩​វិច្ឆិកា​ស្អែក ប្រទេស​កម្ពុជា​នឹង​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​៩​វិច្ឆិកា ក្រោម​ព្រះរាជធិបតី​ដ៏​ខ្ពង់ខ្ពស់​ នៃ​ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ថ្លែងបន្តថា, នេះ​ជាការ​ចងចាំ​ជានិច្ច​នូវ​ឧបការគុណ​យុទ្ធជន យុទ្ធ​នារី បុព្វបុរស​ដែល​បាន​បូជាជីវិត​ដើម្បី​ជាតិ និង​ប្រជារាស្ត្រ​។ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា ក៏បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច​ដើម្បី​ទាមទា​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​ ឲ្យ​រួច​ចាក​ផុតពី​អាណានិគមនិយម​បារាំង​៕

ដោយ : សិលា


ចែករំលែក៖