ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងថា , ករណីរថយន្តRange Rover មួយគ្រឿងឆេះលើផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូម៉ែត្រលេខ ៥៦ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថៃ្ង០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មិនមានមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែរថយន្តនេះរងការខូចខាតទាំងស្រុង ដោយសារឆ្លងប្រព័ន្ធភ្លើង។
បើតាមសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលបានចុះអន្ដរាគមន៍នៅកន្លែងកើតហេតុបញ្ជាក់ថា ដើមហេតុបណ្តាលមកពីរថយន្តឆ្លងចរន្តភ្លើង ពេលកំពុងបើកបរ និងថាពេលរថយន្តចាប់ផ្តើមឆេះ អ្នកជិះលើរថយន្តបានអែបចូលទៅឈប់លើគន្លងផ្លូវអាសន្ន រួចចុះចេញពីរថយន្តទាន់ពេល មុនរថយន្តនេះផ្ទុះឆាបឆេះ ។
ករណីឆាបឆេះរថយន្តខាងលើបណ្តាលឱ្យស្ទះចរាចរណ៍បន្តិចផងដែរ ប៉ុន្តែមិនបានប៉ះពាល់រងគ្រោះដល់អ្នកដំណើរ និងអ្នកជិះក្នុងរថយន្តកើតហេតុឡើយ ៕
ដោយ : សិលា