ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងអ៊ុយក្រែន ជួបពិភាក្សាទ្វេភាគី

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរ អ៊ុយក្រែន ដែលបានចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងអំឡុងពេលនៃជំនួបទ្វេភាគីជាមួយ លោក ឌីមីត្រូគូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅភ្នំពេញ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកពីកិច្ចពិភាក្សាតាមប្រព័ន្ធទូរស័ព្ទប្រកបដោយផ្លែផ្កានាពេល ថ្មីៗនេះរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោល វ៉ូឡូឌីមៀ ហ្សេលឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវជំហរជាគោលការណ៍របស់កម្ពុជាចំពោះសង្គ្រាម នៅអ៊ុយក្រែន និងសង្ឃឹមថា ដំណោះស្រាយដោយសន្តិភាពដើម្បីបញ្ចប់សង្គ្រាមនេះ នឹងអាចកើតមានក្នុងពេល ឆាប់ៗ ដើម្បីអ៊ុយក្រែនទទួលបានសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បាន បញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយសហការជាមួយ ប្រទេសជប៉ុន ផងដែរ។

លោក ឌីមីតូ គូលេបា បានអបអរសាទរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចំពោះភាពជោគជ័យ របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងជូនពរកម្ពុជាទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ លោក ឌីមីត្រូ គូលេបា បានអរគុណកម្ពុជាយ៉ាងជ្រាល ជ្រៅចំពោះការប្រកាន់យកជំហរប្រកបដោយគោលការណ៍ចំពោះសង្គ្រាមនៅអ៊ុយក្រែន ភាពសប្បុរសក្នុងការ ជួយអ្នកដោះមីនរបស់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែលអាចធ្វើឱ្យអ៊ុយក្រែនចូលជា សមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោករដ្ឋមន្ត្រីទាំងពីរ បានកត់សម្គាល់អំពីកំណើននៃទំនាក់ទំនងជាមិត្តភាពកម្ពុជា-អ៊ុយក្រែន ដែលបាន ឆ្លុះបញ្ចាំងតាមរយៈជំនួបកំរិតខ្ពស់សំខាន់ៗនាពេលថ្មីៗនេះ ការឯកភាពគ្នាលើការតែងតាំងនិងផ្លាស់ប្ដូរឯក អគ្គរាជ/រដ្ឋទូតទៅវិញទៅមកក្នុងពេលឆាប់ៗ និងការព្រមព្រៀងក្នុងការបង្កើតអោយមានកិច្ចពិគ្រោះយោបល់ ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ៕

ដោយ ៖ សិលា


ចែករំលែក៖