ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន និង មេដឹកនាំអាស៊ាន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង ទស្សនាពិព័ណ៌ផលិតផលស្នាដៃអាស៊ាន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពី ពិធីទទួលស្វាគមន៍ចំពោះវត្តមាននៃការអញ្ជើញដល់ របស់ប្រមុខដឹកនាំអាស៊ានទាំងអស់ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន រួចមក សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន រួមនឹងមេដឹកនាំអាស៊ាន បានយាង និង អញ្ជើញ ចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារសុខាភ្នំពេញ​ ព្រះរាជាណាចក្រកម្ពុជា។ 

នៅក្នុងពិធីបើកជាផ្លូវការ នៃការបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ក្រៅពីបណ្ដាមេដឹកនាំអាស៊ានទាំងអស់ គឺមានការអញ្ជើញចូលរួម ពីអគ្គលេខាធិការអាស៊ាន មន្ត្រីប្រតិភូបណ្ដារប្រទេសនានា រួមនឹងអ្នកកាសែតជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ។

បន្ទាប់ពី ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១រួចមក មេដឹកនាំអាស៊ាន និងប្រតិភូពីបណ្ដារប្រទេសនានា ក៏បាន អញ្ជើញទស្សនាការតាំងពិព័ណ៌ផលិតផលស្នាដៃអាស៊ានដែលតាំងបង្ហាញនៅខាងមុខវេទិកាបើកនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១។ 

សូមជំរាបថា ព្រឹត្តិការណ៍កិច្ចប្រជុំកម្រិតកំពូលដែលប្រព្រឹត្តទៅក្នុងរយៈពេល៤ថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ ,កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា និង កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា (អាស៊ាន១០ ចិន អាមេរិក រុស្ស៉ី ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា នូវ៉ែលហ្សេឡង់) លើកទី១៧៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖