ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គីដើម្បីសន្តិភាព (ASEAN Unity for Peace Cultural Festival) នៅសាលសន្និសីទចតុមុខ។
ចូលរួមក្នុងឱកាសនោះ មានវត្តមានអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ លោក លោកស្រីតំណាងអង្គទូតបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងមន្ត្រីរាជការ សិស្ស និស្សិត និងសាធារណជនយ៉ាងច្រើនកុះករ។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នផ្នែកអាស៊ានស្តីពីវប្បធម៌កម្ពុជា មានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់មហោស្រពវប្បធម៌អាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ស្ថាប័នតាមវិស័យទាំងអស់របស់អាស៊ានលើវប្បធម៌កំពុង បន្តធ្វើការរួមគ្នាឆ្ពោះទៅ រកភាពធន់ យូរអង្វែងនៅក្នុងយុគសម័យ ក្រោយជំងឺរាតត្បាតក្នុងវិស័យជាច្រើន។ ការប្តេជ្ញាចិត្តរបស់យើងគឺដើម្បីពន្លឿនសកម្មភាពវប្បធម៌ដោយការបំប្លែងឌីជីថលរួមបញ្ចូល និងការសម្រេចបាននូវនិរន្តរភាពនៅក្នុងតំបន់ទូទាំងគ្រប់វិស័យ រួមទាំងវប្បធម៌ និងសិល្បៈផងដែរ។ យើងមានភារកិច្ចសំខាន់ៗដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរឹងមាំនៅក្នុងតំបន់អាស៊ាន អាស៊ានជាមួយដៃគូសន្ទនា និងក្របខ័ណ្ឌពហុភាគី ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីសម្រេចបាននូវគោលដៅនៃផែនការសហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ 2025។
សូមបញ្ជាក់ជូនថា កម្មវិធីមហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គីដើម្បីសន្តិភាព (ASEAN Unity for Peace Cultural Festival) រៀបចំធ្វើចាប់ពីថ្ងៃទី១០ ដល់ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលសន្និសីទចតុមុខ ។ កម្មវិធីនេះ ក៏មានការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ចាប់ពីម៉ោង៦ល្ងាចផងដែរ ៕
ដោយ ៖ សិលា