ភ្នំពេញ ៖ យុវជនម្នាក់និងបុរសពីរនាក់ទៀតរួមដំណេីរជាមួយគ្នាបានបេីកម៉ូតូសណ្ដោងរុឺម៉កយ៉ាងលឿនជ្រុលទៅបុករថយន្តឡិចសុីសRX400h នៅផ្លូវបំបែកជាបួនចំពីមុខចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឱ្យរុឺម៉កម៉ូតូនោះក្រឡាប់ផ្ងារជេីងម្ខាងហើយអ្នកបើកនិងអ្នកជិះទាំង៣នាក់រងរបួសគួរសមដែរ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៩ កែងផ្លូវលេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្តម៉ាកឡិចសុីស RX400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-9325 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៤៣០ ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងបេីកបរដោយយុវជនម្នាក់ និងបុរសពីរនាក់រួមដំណេីរជាមួយចេញពីផ្លូវលេខ១៩៩ពីលិចទៅកេីតក្នុងល្បឿនលឿន រួចទៅបុករថយន្តឡិចសុីសRX400h ដែលកំពុងឆ្លងផ្លូវបំបែកចំពីចំហៀងពីមុខផ្នែកខាងស្ដាំពេញទំហឹង បណ្ដាលឱ្យម៉ូតូសណ្ដោងរុឺម៉កក្រឡាប់ផ្ងារជេីងម្ខាង រីឯរថយន្តរងការខូចខាតយ៉ាងដំណំ ។ ដោយឡែកអ្នកបេីកបរនិងអ្នករួមដំណេីរលេីម៉ូតូសណ្ដោងរុឺម៉កបានរងរបួសខ្លួនប្រាណគួរសមដែរ តែមិនធ្ងន់ធ្ងរនោះទេ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ភ្លាមៗ និងបានសម្របសម្រួលដល់ភាគីទាំងពីរអស់រយៈពេលជិត១ម៉ោងទេីបត្រូវរូ៉វគ្នា ខណៈភាគីខាងរថយន្តព្រមយករថយន្តទៅជួសជុលខ្លួនឯង រីឯភាគីខាងម៉ូតូសណ្ដោងរុឺម៉កក៏យកអ្នករបួសទៅលាងរបួស និងអូសម៉ូតូសណ្ដោងរុឺម៉កទៅជួសជុលខ្លួនឯងផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ