ភ្នំពេញ៖ យុវជនពីរនាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តហ្វដមួយគ្រឿងចំពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភ្លើងស្តុបក្រោមស្ពានអាកាស៧មករា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហ្វដមួយគ្រឿង ពណ៌ខ្លាញ់ក្តាម ពាក់ស្លាកលេខព្រៃវែង2B-3555 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ឆ្លងមកផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C- 125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1IV-5459 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន និងចាប់ហ្វ្រ័ងមិនទាន់បានជ្រុលទៅបុករថយន្តហ្វដពីចំហៀងផ្នែកខាងស្ដាំខាងមុខពេញទំហឹង បណ្ដាលឱ្យម៉ូតូដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។ ភ្លាមនោះយុវជនដែលរងរបួសធ្ងន់ត្រូវបានមិត្តភក្តិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ) ។ ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំដូចគ្នា ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ