ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោនាយករដ្ឋមន្ត្រី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន

សម្ដេចតេជោនាយករដ្ឋមន្ត្រី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួល ជួបពិភាក្សាការងារជាមួយ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ នៅទីក្រុងភ្នំពេញ ដែលនៅក្នុងជំនួបនោះ ភាគីទាំងពីរបានលើកឡើងពីភាពជាដៃគូដ៏ជិត ស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និង ADB ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ADB ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ របស់កម្ពុជា ចំពោះការផ្ដល់ជំនួយ និងការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ កម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់អំពីជំនួយរបស់ ADB ដែលបានផ្ដល់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបជាបន្ទាន់ចំពោះជំងឺរាតត្បាតកូវីដ-១៩ និងក្នុងការអនុវត្ត “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩ តាមបែប គន្លងថ្មី ២០២១-២០២៣»។

លោក Masatsugu Asakawa បានអបអរសាទរចំពោះកម្ពុជាសម្រាប់ដំណើរការយ៉ាងរលូនក្នុង ការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង ADB ក្នុងរយៈពេលជាង ៣០ឆ្នាំ មកនេះ។ លោក បានគូសបញ្ជាក់ថា ADB បានរក្សាការព្យាករណ៍របស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងកម្រិត ៥.៣ ភាគរយនៅឆ្នាំ ២០២២ ប៉ុន្តែបានបន្ទាប់ការព្យាករណ៍នៅឆ្នាំ ២០២៣ ពីក្នុងកម្រិត ៦.៥ ភាគ រយ មកនៅត្រឹម ៦.២ ភាគរយ ដោយសារតែការចុះខ្សោយជាងមុននៃកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងកំពុងរៀបចំយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មី សម្រាប់រយៈពេល ២០២៤- ២០២៨។

លោកក Masatsugu Asakawa បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ ADB ក្នុងការពង្រឹង និង ពង្រីកបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីបន្តការរួមចំណែករបស់ខ្លួនក្នុងការដោះស្រាយ បញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះក្នុងការអភិវឌ្ឍ និងបានសាទរដល់កម្ពុជា ក្រោមការ ដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ- ១៩ ប្រកបដោយជោគជ័យ ដោយសម្រេចបានឋានៈជាប្រទេសមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុត មួយ ក្នុងចំណោមបណ្តាប្រទេសជាច្រើន ដែលបានចាក់វ៉ាក់សាំងការពាររួចហើយ បានបើកដំណើរ ការប្រទេសឡើងវិញទាំងស្រុងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ និងសម្រេចបាននូវការស្តារ សេដ្ឋកិច្ចឡើងវិញពីវិបត្តិសុខភាពពិភពសាកលដែលមិនធ្លាប់មានពីមុនមក។

សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកប្រធាន ADB បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើ វិស័យបម្រែបម្រួលអាកាសធាតុ ដោយក្នុងនោះ ADB បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនក្នុងការធ្វើ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំផែនការកម្មវិធីអាទិភាព នានា ស្តីពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍថាមពលបៃតង៕

ដោយ : សុខ ខេមរា


ចែករំលែក៖