ខេត្តកោះកុង ៖ នៅថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង គ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ ពិសេសអង្គភាពវរសេនាតូចការពារព្រំដែនគោកលេខ៣ និងផ្នែកសឹករងមណ្ឌលសីមា ត្រូវ បង្កើនការយកចិត្តទុកដាក់ បន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពមិត្តចេញ យាម ល្បាតត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាននិងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។
ក្នុងនោះដែរ ឧត្ដមសេនីយ៍ទោ មេបញ្ជាការ ក៏បានដាក់ចេញបទបញ្ជាដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ដោយប្រឹងប្រែងប្រើប្រាស់វិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាតាមសន្តិវិធី និងច្បាប់អន្តរជាតិ។
លោកមេបញ្ជាការ បានក្រើនរម្លឹកដល់យោធិនក្រោមឱវាទទាំងអស់ ត្រូវបន្តអនុវត្តតាមវិធានការរបស់សម្តេចតេជោគឺ ៣ការពារ និង៣កុំ ឱ្យបានជាប់លាប់ជាប្រចាំផងដែរ ៕
ដោយ ៖ សហការី