ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

ចែករំលែក៖

ភ្នំពេញ​៖​ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក វឿង ឌីញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃប្រទេសវៀតណាម។ 

តាមការឲ្យដឹងពី ​លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក វឿង ឌីញហ្វេ បានគោរពសម្ដែង​នូវការរីករាយ​ចំពោះ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលមានកម្មវិធីជាច្រើន​បានរៀបចំឡើងក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចទាំងថ្នាក់ដឹកនាំ ទាំងរវាងប្រជាជននិងយុវជន។ 

លោក ក៏បានគោរពសម្ដែងនូវការសាទរ ជូនចំពោះសម្ដេចតេជោផងដែរ ដែលបានគ្រប់គ្រងជំងឺកូវីដ-១៩បានយ៉ាងជោគជ័យ បានបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ និងបានសំដែងនូវការអបអរសាទរផងដែរ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន​ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យយ៉ាងធំធេង។

លោក​ ក៏បានសម្ដែងសេចក្តីរីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ​លើវិស័យពាណិជ្ជកម្ម ដែលក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់១០ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ ហើយក៏បានឆ្លៀតឱកាសនេះ ស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាងប្រទេសទាំងពីរ និងឲ្យបានគ្រប់វិស័យ។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះលោក វឿង ឌីញហ្វេ ចំពោះការវាយតម្លៃនៃ​ទំនាក់ទំនងរវាង​ប្រទេសទាំងពីរផង​ និងលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផង។សម្ដេចតេជោបានឯកភាពជាមួយសំណើរបស់លោកប្រធានសភាវៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដៃគូសេដ្ឋកិច្ចល្អគឺនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនងទាំងផ្នែកនយោបាយនិងវិស័យដទៃទៀត៕

ដោយ​៖​ស​ តារា​


ចែករំលែក៖