ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា, សមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ មកទល់ពេលនេះជិត ៤៤ ឆ្នាំហើយ ដែលស្មារតី ២ធ្នូ បានបន្តរីកសាយភាយជាស្មារតីគំរូ និងគប្បីថែរក្សាបន្ត ដោយស្មារតីនេះបានបង្ហាញពីការរួបរួមរបស់សមាជិក សមាជិកា ស.ស.យ.ក. ដែលបានដាក់ផលប្រយោជន៍ខ្លួនដោយឡែក ពាក់អាវ ស.ស.យ.ក. ចូលរួមជាមួយគ្នា ដើម្បីកិច្ចការងារសង្គម។
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបន្តថា, រយះពេល ១០ ឆ្នាំចុងក្រោយបន្ទាប់ពីសមាគមយុវជន បានសម្រេចជាឯកឆន្ទ ប្ដូរឈ្មោះជា សហភាពសហព័ន្ធយុវជនកម្ពុជា រួចមក ស.ស.យ.ក. បានបន្តបេសកម្មយ៉ាងសកម្មក្នុងការចូលរួមជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង វឌ្ឍនភាពសង្គម ដែលនេះជាមោទកភាពរបស់ក្រុមគ្រួសារស.ស.យ.ក. យើងផងដែរ។
សូមជម្រាបជូនដែរថា ស.ស.យ.ក. នឹងរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំង ស.ស.យ.ក. នៅសណ្ឋាគារ ហ្គាឌិន សុីធី នាថ្ងៃ ២៦-២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ហើយដើម្បីអបអរសាទរខួបលើកទី៤៤ កំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. នឹងរៀបចំកម្មវិធីប្រគុំតន្ត្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នៅវិមានឈ្នះ ឈ្នះ ផងដែរ ៕
ដោយ : សិលា