ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Ford បើកឡើងឃឿនផ្លូវជ្រុលបុករះបង្គោលផ្លាកសញ្ញាចរាចរណ៍ និងបង្គោលភ្លើងស្តុប រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត Ford មួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលរេចង្កូតឡើងលើឃឿនផ្លូវជ្រុលបុករះបង្គោលផ្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដីនិងបង្គោលភ្លើងស្តុបបណ្តាលឲ្យទ្រេត ឯរថយន្តរងការខូចខាតយ៉ាងដណំទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ២០២២ នៅជាប់របងសណ្ឋាគារឡឺ រ៉ូយ៉ាល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត Ford មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BQ-7077ធ្វើដំណើរតាម បណ្តោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរេចង្កូតឡើងឃឿនផ្លូវជ្រុលទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដីនិងបង្គោលភ្លើងស្តុបមួយដើមទៀតបណ្ដាលឲ្យទ្រេត ចំណែករថយន្តផ្ទប់ជាប់នឹងបង្គោលភ្លើងស្តុបរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។

ក្រោយកើតហេតុម្ចាស់រថយន្តបានប្រញាប់ប្រញាលដោះស្លាកលេខរថយន្តយកទៅបាត់បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចចុះមកធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖