ខេត្តបន្ទាយមានជ័យ ៖ ជនជាតិឥណ្ឌូនេស៊ី និងជនជាតិថៃ ឧបត្ថម្ភក្ដារមឈូសចំនួន២៥ ដល់សមាគមយុវជនកម្ពុជា(ក្រុម១៥៧) តម្កល់ទុកសំរាប់ចែកជូនបន្តដល់គ្រួសារសពពលរដ្ឋដែលមានជីវភាពខ្វះខាតកាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានដឹកមករក្សាទុកនៅក្នុងវត្តឃោសត្ថារាម (វត្តស្រះត្រាច) ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោក សន មុន្នីសីហា ប្រធានរដ្ឋបាលសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្រុមការងារ(ក្រុម១៥៧) បានមកទទួលក្តារមឈូស ពីជនជាតិឥណ្ឌូនេស៊ី និងជនជាតិថៃ ដែលឧបត្ថម្ភមឈូសចំនួន២៥មឈូសដល់សមាគមយុវជនកម្ពុជា(ក្រុម១៥៧) សំរាប់ទុកចែកបន្តដល់គ្រួសារសពប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ១.ឈ្មោះ Edrik Christantoជនជាតិឥណ្ឌូនេស៊ី និង២.លោកស្រី INNATA KRITCHAYAPAT ជនជាតិថៃ។
លោក សន មុន្នីសីហា បញ្ជាក់ថា ថ្ងៃនេះ តំណាង លោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ មកទទួលក្តារមឈូសចំនួន២៥ ពីសប្បុរសជនទាំងពីរ ដើម្បីយកមកទុកនៅវត្តឃោសត្ថារាម (វត្តស្រះត្រាច)។ សប្បុរជនទាំងពីរ កាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅក៏ធ្លាប់បានជួយឧបត្ថម្ភមឈូសចំនួន៣០មឈូសរួចមកហើយដែរ ដែលក្រុមការងារសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងប៉ោយប៉ែត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចែកជូនដល់គ្រួសារនៃសពប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនអនាថា ឬទុកដាក់សពដែលរងចាំសាច់ញាតិមកពីចំងាយជាដើម។ ជាមួយគ្នានេះ សប្បុរសជនទាំងពីរបានចែកអាហារចំនួន២០០ប្រអប់ ដល់ប្រជាពលរដ្ឋ និងប្អូនៗកុមារតូចៗផងដែរ ៕
ដោយ ៖ វណ្ណា