ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញា១១១រូប ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ និងថ្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់ដែល អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ និងថ្នាក់ជូនដល់ព្រះរាជអាជ្ញាចំនួន ១១១រូប។

ព្រះរាជក្រឹត្យត្រាស់បង្គាប់ បានបង្ហាញថា ព្រះរាជអាជ្ញា ដែលបានដំឡើងឋានន្តរស័ក្តិ និងថ្នាក់នេះមាន៤កម្រិតរួមមាន៖ ព្រះរាជអាជ្ញា ៤០រូប ត្រូវបានដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិឧត្តមព្រះរាជអាជ្ញា, ព្រះរាជអាជ្ញា ១០រូប ត្រូវបានដំឡើងថ្នាក់ពីឋានន្តរស័ក្តិវរៈព្រះរាជអាជ្ញា មកជាឋានន្តរស័ក្តិឧត្តមព្រះរាជអាជ្ញា, ព្រះរាជអាជ្ញា ៥៤រូប ត្រូវបានដំឡើងថ្នាក់ ក្នុងឋានន្តរស័ក្តិវរៈព្រះរាជអាជ្ញា និងព្រះរាជអាជ្ញា ៧រូប ត្រូវបានដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ពីឋានន្តរស័ក្តិអនុព្រះរាជអាជ្ញា មកជាឋានន្តរស័ក្តិវរៈព្រះរាជអាជ្ញា។

ព្រះមហាក្សត្រត្រាស់បង្គាប់ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ : សហការី


ចែករំលែក៖