ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនមេក្លោងដឹកនាំបាតុកម្មខុសច្បាប់នៅ Naga World ឈ្មោះ ឈឹម ស៊ីថរ សារជាថ្មី ពាក់ព័ន្ធការគេចវេសមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២២នេះថា៖​ មេក្លោងដឹកនាំបាតុកម្មខុសច្បាប់នៅក្រុមហ៊ុន Naga World នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឈ្មោះ ឈឹម ស៊ីថរ ត្រូវ​បានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនសារជាថ្មីម្ដងទៀត​ កាលពីវេលាម៉ោងជាង១០ព្រឹកមិញនេះ​ បន្ទាប់ពីធ្វើដំណើរមកពីប្រទេសអូស្ត្រាលី ចូលមកកម្ពុជាវិញ។ ការចាប់ខ្លួននេះ គឺតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក អុឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្រ្តីជាន់ខ្ពស់នគរបាលជាតិរូបនេះ​ បានគូសបញ្ជាក់ថា៖ «ពិតជាមានករណីឃាត់ខ្លួនមែនឈ្មោះ ឈឹម ស៊ីថរ តាមដីកាឃាត់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងការគេចវេសមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ ពីព្រោះតុលាការបានចេញដីកាមួយឱ្យគាត់ (ឈឹម ស៊ីថរ) ស្ថិតនៅក្នុងដែន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការតាមដាននិងត្រួតពិនិត្យ បើសិនជាគ្មានការអនុញ្ញាតពីតុលាការ គឺគាត់មិនមានសិទ្ធិចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាទេ។ ប៉ុន្តែកាលពីថ្ងៃទី១៥ ខែវិច្ឆិកា គាត់បានចេញទៅប្រទេសអូស្រ្តាលី គឺគាត់បំពានសេចក្តីសម្រេចរបស់តុលាការ ដូច្នេះពេលចូលមកដល់កម្ពុជាវិញ កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន»។

សូមជំរាបថា កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ឈ្មោះ ឈឹម ស៊ីថរ មេក្លោងដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈដែលកំពុងតែដឹកនាំបាតុកម្មខុសច្បាប់នៅមុខស្ថានទូតអូស្ត្រាលី។ ការចាប់ខ្លួនពាក់ព័ន្ធនឹងការញុះញង់ ឱ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។

បន្ទាប់មកកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ឈ្មោះ ឈឹម ស៊ីថរ បានយល់ព្រមធ្វើកិច្ចសន្យាមួយ ដោយគោរពជូនរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដោះស្រាយបញ្ចប់បញ្ហាវិវាទជាមួយក្រុមហ៊ុន ណាហ្គាលវើលដ៏ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់គ្រប់ភាគី ឈ្មោះ ឈឹម ស៊ីថរ សូមអំពាវនាវដល់បុគ្គលិក និងអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើសទាំងអស់ដូចខាងក្រោម៖

១៖ ចំពោះបុគ្គលិក និងកម្មករកំពុងធ្វើកូដកម្មមិនទាន់បានចូលធ្វើការវិញ សូមចូលធ្វើការទាំងអស់គ្នដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។

២៖ ចំពោះបុគ្គលិកដែលក្រុមហ៊ុនណាហ្គាលវើលដ៏ បញ្ឈប់ពីការងារ សូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ស្ងាត់ដើម្បីបង្កបរិយកាសសម្រាប់យើងខ្ញុំ ចរចាជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏និងក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយ និងទូរទាត់សំណងតាមផ្លូវច្បាប់ជូនដល់បងប្អូន។

៣៖ ចំពោះបុគ្គលិក ដែលបានចូលរួមធ្វើកូដកម្មកន្លងមក សូមឱ្យក្រុមហ៊ុនកុំមានគំនុំគុំគួន ឬដាក់ទោសទណ្ឌ ឬបង្ខំធ្វើកិច្ចសន្យាផ្សេងៗឡើយ។ 

ដើម្បីឈានទៅបញ្ចប់បញ្ហាទាំងនេះ ជាពិសេសការដោះស្រាយ និងទូទាត់សំណងតាមផ្លូវច្បាប់ជូនកម្មករដែលត្រូវក្រុមហ៊ុនណាហ្គាលវើលដ៏ បញ្ឈប់ពីការងារ យើងខ្ញុំសំណូមពរដល់ក្រសួងមានសមត្ថកិច្ច ជាពិសេសក្រសួងការងារ សូមមេត្តាជួយអន្តរាគមន៍តាមផ្លូវច្បាប់ដើម្បីឱ្យពួកយើងខ្ញុំ បាននៅក្រៅឃុំជាបណ្តោះអាសន្នធ្វើថា ប្រតិភូតំណាងបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាលវើលដ៏ ក្នុងការដោះស្រាយវិវាទខាងលើ ដោយយើងខ្ញុំសូមសន្យាថា មិនធ្វើការប្រមូលផ្ដុំតវ៉ា ឬដឹកនាំការតវ៉ាណាមួយដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិឡើយ។

បន្ទាប់មកនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចមួយដោយដាក់ជនត្រូវចោទឲ្យស្ថិតក្រោម ការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពីប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ២០២១ និងពេលបន្តបន្ទាប់ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ»។

តុលាការឱ្យគោរពកាតព្វកិច្ចដូចខាងក្រោម៖

១- ដាក់ជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ ភេទស្រី ថ្ងៃខែកំណើត ១៥-១២-១៩៨៧ (អាយុ៣៤ឆ្នាំ) ជនជាតិខ្មែរ

ក៖ មិនត្រូវផ្លាស់ប្ដូរទីលំនៅដោយគ្មានការអនុញ្ញាតពីអាជ្ញាធរតុលាការ។

ខ៖ មិនត្រូវចាកចេញក្រៅដែនដី នៃព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាតពីអាជ្ញាធរតុលាការ។

គ៖ ត្រូវចូលមកបង្ហាញខ្លួននៅពេលមានការកោះហៅពីអាជ្ញាធរតុលាការ។

ឃ៖ ត្រូវចូលបង្ហាញខ្លួនតាមកាលកំណត់នៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារថ្មីទី៣ ក្នុង១ខែ ម្ដងនៅរៀងរាល់ដើមសប្តាហ៍ទី១ នៃខែនីមួយៗ។

២- លោកនាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារថ្មីទី៣ ត្រូវអនុវត្តដីកាសម្រេចនេះ និងរាយការណ៍ជូនចៅក្រមស៊ើបសួរឱ្យបានទៀងទាត់ ក្នុងករណីជនត្រូវចោទគេចវេះដោយចេតនា មិនអនុវត្តតាមដីកានេះ។

៣- ក្នុងករណីដែលជនត្រូវចោទគេចវេះដោយចេតនា មិនអនុវត្តតាមចំណុចទី១ ត្រូវចាប់ឃុំខ្លួនជនត្រូវចោទឡើងវិញ ដោយអនុវត្តតាមមាត្រា២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

៤- ដីកាសម្រេចនេះមានប្រសិទ្ធភាពអនុវត្តភ្លាម។

គួរបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាបានរកឃើញមេដឹកនាំបាតុករធ្វើបាតុកម្មតវ៉ាខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ គឺមានរចនាសម្ព័ន្ធអង្គការចាត់តាំង ច្បាស់លាស់ ដើម្បីបង្កភាពវឹកវរដល់សង្គមកម្ពុជា និងទទួលបានថវិកាពីអង្គការក្នុងស្រុក និងក្រៅប្រទេសដើម្បីធ្វើសកម្មភាព៕

ដោយ​៖សហការី​


ចែករំលែក៖