ព័ត៌មានទាន់ហេតុការណ៍៖

នេះជាសកម្មភាព បច្ចុប្បន្នភាពពីការជួយសង្គ្រោះសត្វកែះ

ចែករំលែក៖

ខេត្តតាកែវ ៖ សត្វកែះញីមួយក្បាលដែលរបួសនិងរលូតកូនមានសុខភាពល្អប្រសើរបន្តិចហើយ អាចស៊ីអាហារបានខ្លះ ប៉ុន្តែមិនទាន់អាចដើរបាននៅឡើយដោយសារតែជើងឆ្វេងមុខរបស់ខ្លួននៅភ្លាត់ឆ្អឹងនៅឡើយ និងដោយសារតែការគ្រាំគ្រាពេលធ្លាក់ពីជ្រលងភ្នំ។ បច្ចុប្បន្ននេះ ក្រុមអ្នកជំនាញ បានជួយឱ្យសត្បកែះញីនេះបានឈរ និងធ្វើចលនាជើងដើម្បីបន្ស៊ាំឱ្យអាចដើរបាន និងមានសុខភាពរឹងមាំ។ នេះបើយោងតាមការបញ្ជាក់ពី លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ 

សូមជម្រាបជូនថា, សត្វកែះញីមួយក្បាលដែលត្រូវបានជួយសង្គ្រោះក្រោយរងរបួសនិងរលូតកូនមានសុខភាពល្អប្រសើរបន្តិច ហើយនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លង នេះ ក្រុមមន្ត្រីអភិរក្សនិងអ្នកជំនាញពេទ្យសត្វបាននាំមកកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៅឧទ្យានជាតិភ្នំតាម៉ៅដើម្បីបន្តថែទាំនិងព្យបាលឱ្យវាមានសុខភាពលល្អប្រសើរឡើងវិញ។ 

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្សនិងប្រជាពលរដ្ឋនៅស្រុកសំឡូត ខេត្តបាត់ដំបង បានជួយសង្គ្រោះសត្វកែះញីមួយក្បាល ក្រោយពីជាប់អន្ទាក់ និងដេញប្រផាប់ចាប់ប្រភីងពីក្រុមព្រានព្រៃ ហើយបានធ្លាក់ពីជ្រលងភ្នំ ធ្វើឱ្យធ្លោះចង្កេះ សន្លប់និងបាក់ជើង។ សត្វកែះញីនេះ បានរួចរស់ជីវិត និងស្ថិតក្រោមការតាមដានរបស់ ក្រុមជំនាញពេទ្យសត្វរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្រោយពីការជួយសង្គ្រោះ។ ប៉ុន្តែជាអុកសល កូនក្នុងផ្ទៃរបស់សត្វកែះញីនេះបានរលូតស្លាប់បាត់បង់ជីវិត គួរឱ្យសោកស្តាយ។

ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង និងប្រជាពលរដ្ឋដែលបានសហការគ្នាជួយសង្គ្រោះសត្វកែះដ៏កម្រនេះ និងសូមថ្លែងអំណរគុណចំពោះក្រុមការងារសង្គ្រោះសត្វព្រៃចម្រុះ និងអ្នកជំនាញពេទ្យសត្វរបស់អង្គការ WA ដែលបានជួយសង្គ្រោះសត្វកែះញី មិនឱ្យស្លាប់បាត់បង់ជីវិតដោយសារតែរងរបួស និងរលូតកូន។ #យុទ្ធនាការអន្ទាក់សូន្យ #បញ្ឈប់ការជួញដូរសត្វព្រៃ ៕

ដោយ : សិលា


ចែករំលែក៖