ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនខ្ទាតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនខ្ទាតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យរថយន្តមួយគ្រឿងខ្ទេចមួយកំណាត់មុខ ចំណែកមួយគ្រឿងទៀតខ្ទាតបុកបង្គោលភ្លើង សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង ២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវលេខ១១៤កែងនឹងផ្លូវលេខ៥១ ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡិចសុីសRX300 ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AO-3735 បើកដោយបុរសជនបរទេសម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀត ជាជនបរទេសដូចគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿន ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជាបួន ស្រាប់តែគេឃើញមានរថយន្តតូយ៉ូតាព្រូស ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AO-5064 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១១៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុករថយន្តម៉ាក LEXUS RX300 ពេញទំហឹង បណ្តាលឲ្យខ្ទាតទៅបុកបង្គោលភ្លើងរងការខូចខាត ចំណែកឯរថយន្តតូយ៉ូតាព្រូស ខូចខាតផ្នែកខាងមុខទាំងស្រុង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ បានចុះមកដល់កន្លែងកើតហេតុបានឲ្យភាគីទាំងពីរសម្របសម្រួលគ្នា តែដោយភាគីទាំងពីរសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖