ភ្នំពេញ៖ ពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រារព្វធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា។ បន្ទាប់ពីមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទ ជាប្រធានកិត្តិយស ស.ស.យ.ក នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
(ស.ស.យ.ក) បានចេញសេចក្តីជូនដំណឹង ស្ដីពី៖“ ពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា “។
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា ដើរតួនាទីដ៏សំខាន់ក្នុងការកំណត់ទិសដៅដឹកនាំការងាររបស់យើង។ នេះជាការថ្លែង ដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា, យោងលក្ខន្តិកៈ ស.ស.យ.ក. មហាសន្និបាតតំណាងទូទាំងប្រទេសជាអង្គភាពខ្ពស់បំផុតរបស់ស្ថាប័ន ដែលមានភាពជាតំណាងនៃសមាជិក សមាជិកា គ្រប់រូប នៅលើក្របខ័ណ្ឌទូទាំងប្រទេស។ រយៈពេល ២ ថ្ងៃនេះអង្គសន្និបាតបានពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់ ស៊ីជម្រៅ និងផុលផុសបំផុតដើម្បីធ្វើយ៉ាងណាសម្រិតសម្រាំងនូវឯកសារសំខាន់ៗដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់អង្គភាពចំណុះ និងសមាជិក សមាជិកាគ្រប់ជាន់ថ្នាក់ និងគ្រប់រូប ទទួលយកទៅអនុវត្ត។ ផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» ដែលត្រូវបានដាក់ឆ្លង និងសុំការអនុម័តនាព្រឹកនេះ គឺជាឯកសារសំខាន់សម្រាប់ ស.ស.យ.ក. យកទៅអនុវត្តក្នុងសកម្មភាពរបស់ខ្លួនបន្តទៅមុខទៀត។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, ក្នុងនាមជាសមាជិក ១ រូប និងក្នុងតួនាទីជាប្រធាន ខ្ញុំសូមប្តេជ្ញាចិត្តនឹងអនុវត្តផែនការយុទ្ធសាស្រ្តនេះប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតដើម្បីសម្រេចបានជោគជ័យតាមការរំពឹងទុក។ ទន្ទឹមនឹងនេះដែរ ខ្ញុំជឿជាក់យ៉ាងមុតមាំថា សហការី សមាជិក សមាជិកា ស.ស.យ.ក. ពិតជានឹងខិតខំប្រឹងប្រែង ចូលរួមបំពេញបេសកកម្មមួយនេះដើម្បីជាឧត្តមប្រយោជន៍សម្រាប់សង្គមជាតិ ប្រជាជន និងអនាគតរបស់យើង ៕
ដោយ : សិលា