ម៉ារ៉ុកបានបង្កការភ្ញាក់ផ្អើលចុងក្រោយនៅ World Cup ដែលពោរពេញទៅដោយការភ្ញាក់ផ្អើលដោយការផ្តួលបែលហ្ស៊ិកដោយសារគ្រាប់បាល់ចុងម៉ោងដោយកីឡាករ Abdelhamid Sabiri និង Zakaria Aboukhlal។អ្នកចាំទី Thibaut Courtois របស់បែលហ្ស៊ិក មានកំហុសក្នុងការរារាំងបាល់បញ្ចូលទីដំបូង ដោយមិនអាចសង្គ្រោះបានពីការបញ្ជូនបាល់ហ្វ្រីឃីករបស់ Sabiri វាយបកទៅលើបង្គោលទីជិតរបស់គាត់។
បែលហ្ស៊ិកមានការប្រឹងប្រែងច្រើនក្នុងការប្រកួតនេះដើម្បីដណ្តើមជ័យជម្នះ ប៉ុន្តែម៉ារ៉ុកបានបង្ហាញពីភាពអស្ចារ្យក្នុងតង់ទី២នៅពេលដែល Aboukhlal បានទាត់បាល់កាត់បាល់របស់ Hakim Ziyech ទៅលើដំបូលសំណាញ់។ កីឡាករ Abdelhamid Sabiri បានរកគ្រាប់បាល់នាំមុខឲ្យម៉ារ៉ុកនៅនាទីទី៧៣ ខណៈដែលកីឡាករ Zakaria Aboukhlalរកបាន១គ្រាប់ទៀតក្នុងម៉ោងបន្ថែមនាទីទី៩០+២។
លទ្ធផលនេះមានន័យថា ម៉ារ៉ុកឡើងពីលើបែលហ្ស៊ិក មាន៤ពិន្ទុ ខណៈក្រូអាតពេលនេះកំពុងឈរនៅកំពូលតារាងពូល F លើការស៊ុតបញ្ចូលទីបន្ទាប់ពីជ័យជម្នះ ៤-១ របស់ពួកគេបានទម្លាក់ក្តីសង្ឃឹមរបស់កាណាដា។
ក្រុមជម្រើសជាតិក្រូអាតបានបំបែកក្តីសង្ឃឹមរបស់កាណាដានៅ World Cup ក្នុងប្រទេសកាតាឆ្នាំនេះ ដោយធ្វើឲ្យក្រុមកាណាដាក្លាយជាក្រុមទី២បន្ទាប់ពីកាតាដែលធ្លាក់ក្នុងវគ្គជម្រុះក្នុងពូល បន្ទាប់ពីក្រូអាតបំបាក់ក្នុងលទ្ធផល៤ទល់១កាលពីរាត្រីថ្ងៃទី២៧ វិច្ឆិកា។
ខ្សែបម្រើស្លាបរបស់ Bayern Munich កីឡាករ Davies បានជួយឱ្យកាណាដានាំមុខមុនត្រឹមតែ៦៨វិនាទីប៉ុណ្ណោះក្នុងដើមតង់ទី១ ដោយបានហក់ចូលទៅក្នុងប្រអប់ ហើយបានជួបនឹងការបញ្ជូនបាល់របស់ Tajon Buchanan ជាមួយនឹងការតែតបាល់បញ្ចូលទីលើកដំបូង។
ទោះបីជាយ៉ាងណាក៏ដោយ ក្រូអាតមិនបានភ័យស្លន់ស្លោឡើយ បន្ទាប់ពីបានបង្កើតឱកាសជាច្រើន ដោយខ្សែប្រយុទ្ធ Andrej Kramaric បានឃើញគ្រាប់បាល់១គ្រាប់សងវិញនៅនាទីទី៣៦។ អតីតកីឡាករ Leicester រូបនេះបានតាមស្មើនៅពេលដែលគាត់រកបានបំប៉ោងសំណាញ់ដោយការស៊ុតបាល់ជ្រុងជាលើកដំបូងពីការបញ្ជូនរបស់ Ivan Perisic ហើយកីឡាករ Marko Livaja បានធ្វើឱ្យក្រូអាតនាំមុខវិញនៅនាទីទី៤៤មុនចប់តង់ទី១។
ចូលដល់តង់ទី២កីឡាករ Kramaric រកបាន១គ្រាប់បន្ថែមទៀតនៅនាទីទី៧០ ហើយនៅនាទីទី៩០+៤ក្នុងម៉ោងបន្ថែម កីឡាករបម្រុង Lovro Majer បានបន្ថែម១គ្រាប់ទៀតដែលជាគ្រាប់ទី៤ រហូតដល់ចប់ការប្រកួតក្រុមក្រូអាតយកឈ្នះកាណាដា៤ទល់១។ កាណាដាដែលជាក្រុមទី២នៅក្នុងការប្រកួតជម្រុះ World Cup ដែលមិនអាចឡើងទៅវគ្គ១៦ក្រុមចុងក្រោយបានទេក្រោយពីចាញ់២ប្រកួតជាប់គ្នា។
ការប្រកួតចុងក្រោយក្នុងវគ្គជម្រុះសម្រាប់ពូល F ក្រុមក្រូអាតនឹងត្រូវប៉ះបែលហ្ស៊ិកនៅម៉ោង១០យប់ថ្ងៃទី១ ខែធ្នូ ដើម្បីប្រជែងកៅអីវគ្គ១៦ក្រុម ខណៈដែលក្រុមកាណាដាត្រូវប៉ះម៉ារ៉ុកនៅម៉ោង១០យប់ថ្ងៃជាមួយគ្នាដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)