ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា សម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Voratat Tantimongkolsuk ប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា ទើបតែងតាំងថ្មី, លោក Narumon (Nannie) Ringsuansin អតីប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យសក្តានុពលផ្សេងៗទៀតរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើឡើង។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានសម្ដែងការសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញមកទស្សនកិច្ចស្វែងយល់ និងចាប់យកនូវកាលានុវត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅរបស់គណៈប្រតិភូថៃនៅពេលនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងជួយឱ្យ លោកប្រធាន និងគណៈប្រតិភូ ជ្រាបច្បាស់ថែមទៀតពីសក្តានុពលរបស់កម្ពុជា នាពេលបច្ចុប្បន្ន។

លោករដ្ឋមន្រ្តី បន្តជម្រាបជូនគណៈប្រតិភូថា ក្រសួងពាណិជ្ជកម្មបានធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាព។ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់គណៈប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា ប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច ដែលកម្ពុជាជាសមាជិក ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ជាដើម។

ជាមួយគ្នានេះ លោក Voratat Tantimongkolsuk ប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីរីករាយ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការចំណាយពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូធុរកិច្ចថៃ នាពេលនេះ។ លោក បានបន្តថា គោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា នាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីការបង្កើនឱកាសពាណិជ្ជកម្ម វិនិយោគ ពង្រីកបណ្តាញទីផ្សារ រវាងប្រទេសទាំងពីរបន្ថែមទៀត៕

ដោយ​៖សហការី​


ចែករំលែក៖