ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌទួលគោកចុះចងខ្សែហ៊ុមព័ទ្ធមិនអនុញ្ញាតឱ្យអាជីវករលក់ដូរឬចតរុឺម៉ក បង្កការកកស្ទះចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានចុះរៀបចំសណ្ដាប់ធ្នាប់និងចងខ្សែហ៊ុមព័ទ្ធនៅចិញ្ចើមផ្លូវលេខ២៣០ របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ មិនអនុញ្ញាតឱ្យអាជីវករលក់ដូរ ឬរុឺម៉កជួលដឹកបន្លែផ្លែឈើចតលើផ្លូវបន្តទៀតឡើយ កាត់បន្ថយការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរ ដើម្បីសោភណភាព សណ្ដាប់ធ្នាប់ តាមដងផ្លូវនៅតំបន់នោះផងដែរ។

   ជាក់ស្ដែងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២២នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ក្រោមបញ្ជារបស់លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានចុះចាត់វិធានការដល់អាជីវករលក់ដូរដែលរំលោភលើចិញ្ចើមផ្លូវ និងរុឺម៉កជួលដឹកបន្លែផ្លែឈើចតលើផ្លូវលេខ២៣០ ស្ថិតនៅមូលដ្ឋានសង្កាត់ផ្សារដើមគខណ្ឌទួលគោក រាជធានីភ្នំពេញ។

   មន្រ្តីសាលាខណ្ឌទួលគោកបានឱ្យដឹងថា ចំពោះកំណាត់ផ្លូវលេខ២៣០ ដែលអាជ្ញាធរបានហ៊ុមព័ទ្ធខ្សែ គឺពេលថ្ងៃមិនអនុញ្ញាតឱ្យអាជីវករលក់ដូរឬចតរុឺម៉កដឹកបន្លែផ្លែឈើនៅលើផ្លូវបន្តទៀតឡើយ។ ដោយឡែកនៅពេលយប់អាជ្ញាធរអនុញ្ញាតឱ្យអាជីវករលក់ដូរបន្លែផ្លែឈើ ជាបណ្ដោះអាសន្នតែធ្វើយ៉ាងណានៅវេលាម៉ោង៦ព្រឹកត្រូវសម្អាតនិងរើឱ្យស្អាតវិញ រហូតដល់ផ្សារបន្លែនៅលើប្រឡាយបឹងសាឡាងសាងសង់រួច បងប្អូនអាជីវករនឹងផ្លាស់ទៅលក់នៅទីនោះ។ បន្ថែមទៀតនោះកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌក៏នៅប្រចាំការជាប់នៅគោលដៅកំណាត់ផ្លូវនេះផងដែរ ដើម្បីរក្សាសណ្ដាប់ធ្នាប់ ក្នុងករណីមានអាជីវករ ឬរុឺម៉កនៅតែបន្តចត អាជ្ញាធរនឹងដកហូតយកទៅសាលាខណ្ឌដើម្បីរក្សាទុក ចាត់ការតាមនីតិវិធី។

  គួររំលឹកផងដែរ កាលពីរសៀលថ្ងៃទី២៥  ខែតុលា ឆ្នាំ២០២២ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវនិងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថា ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញផងនោះ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងម៉ឺងម៉ាត់លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

    លោក ឃួង ស្រេង បន្តថា បញ្ហាសណ្តាប់សាធារណៈនេះត្រូវតែម៉ឺងម៉ាត់ ដើម្បីបម្រើផលប្រយោជន៍ប្រជាជនភាគច្រើន មិនអាចឱ្យអ្នករកស៊ីមករំខាន ឬរំលោភបំពានយកទ្រូងផ្លូវ និងចិញ្ចើមផ្លូវនោះទេ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជានគរបាលចរាចរណ៍ និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមគ្នាមើលផ្លូវ មើលភាពកកស្ទះ ហើយស្នើមករដ្ឋបាលរាជធានីភ្នំពេញដើម្បីដោះស្រាយ ទាំងការកែសម្រួលផ្លូវ ក៏ដូចជាការស្នើសុំធ្វើស្ពានអាកាស ដើម្បីសម្រួលចរាចរណ៍ជាដើម៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖