ព័ត៌មានទាន់ហេតុការណ៍៖

ឆក់យកកាបូបពីបុរសម្នាក់មិនបានសម្រេច​ តែធ្វេីឱ្យក្រឡាប់រុឺម៉កដឹកផ្លែឈេីសង្កត់លេីអ្នកបេីកបររងរបួសបែកក្បាល​

ចែករំលែក៖

ភ្នំពេញ​ ៖​ មានជនសង្ស័យពីរនាក់​ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីបុរសម្នាក់ដែលកំពុងបើករុឺម៉កដឹកផ្លែឈើមួយគ្រឿងតែមិនបានសម្រេច បណ្តាលឱ្យក្រឡាប់រុឺម៉កសង្កត់លើអ្នកបើកបររងរបួសបែក្បាល​ កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ ៣០ ម៉ែត្រ មុខបុរីជ័យជម្នះ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​    ជនរងគ្រោះមានឈ្មោះ យ៉េត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរដឹកផ្លែឈើលក់តាមរុឺម៉ក ស្នាក់នៅម្ដុំផែស្ងួតសូរងួន តាមមហាវិថីចោមចៅ​ ក្នុងខណ្ឌធោធិសែនជ័យ​ ។ 

​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញរុឺម៉កដឹកផ្លែឈើចំនួនពីរគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ​ពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូហុងដាស្គូពី​ ពណ៌ស​មួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរមកពីក្រោយ រួចបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីអ្នកបើកបររុឺមកដឹកផ្លែឈើមួយគ្រឿងមិនបានសម្រេច​ បណ្ដាលឱ្យរុឺម៉កក្រឡាប់សង្កត់លើអ្នកបើកបររងរបួសបែកក្បាល ។  ឃើញដូច្នេះអ្នកបើករុឺម៉កដឹកផ្លែឈើមួយគ្រឿងទៀតដែលធ្វើដំណើរមកជាមួយគ្នាក៏បានជួយជនរងគ្រោះ រួចលើកដាក់លើរុឺម៉កដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែង​នៅក្បែរកន្លែងកេីតហេតុ​ ចំណែកជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានធ្វើការសួរនាំ​ ពិនិត្យនៅកន្លែងកើតហេតុ ព្រមទាំងមានសាច់ញាតិជនរងគ្រោះបានចុះមកដលកន្លែងកើតហេតុដែរ ។ បន្ទាប់មកសាច់ញាតិជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា សុំយករុឺម៉កត្រឡប់ទៅផ្ទះវិញ ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនោះទេ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖