ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានបង្ហោះផឹកផ្លូវការសម្តេចថា, ២ ធ្នូ ១៩៧៨-២ ធ្នូ ២០២២ ជាខួប៤៤ឆ្នាំថ្ងៃបង្កើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ។
“រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ជាចលនាមហាជនអ្នកស្នេហាជាតិ បានបង្កើតឡើងនៅតំបន់រំដោះ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្រោមការដឹកនាំសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត។
ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ផ្ដួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យ រហូតទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដោយទទួលបានការជួយឧបត្ថម្ភយ៉ាងធំធេងពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោកផងដែរ។ មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា ហើយបានបើកឡើងនូវទំព័រសករាជថ្មី ជូនប្រជាជនកម្ពុជាយើងឲ្យទទួលបានមកវិញនូវ សិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរហូតមកដល់សព្វថ្ងៃនេះ។ បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ៧មករាទេ ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។
យើងទាំងអស់គ្នាត្រូវចងចាំថា ទម្រាំយើងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ យើងបានធ្វើដំណើរ យ៉ាងវែងឆ្ងាយ បានឆ្លងកាត់ឧបសគ្គ និងលះបង់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដូច្នេះសូមបងប្អូនជនរួមជាតិ បន្តស្មារតីជាតិនិយម ថែរក្សា ការពារសុខសន្តិភាពដែលបានមកដោយលំបាកនេះ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានជឿនលឿន រីកចម្រើនបន្ថែមទៀត៕
ដោយ : សិលា