ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងពីយុវជន២នាក់បានសម្រេច នៅសង្កាត់រលួស

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងបានឃាត់យុវជន២នាក់ដោយប្រើល្បិចហៅសួរនាំរកផ្លូវ ផ្ទុយទៅវិញដកកាំភ្លើងខ្លីភ្ជង់គំរាមប្លន់យកម៉ូតូទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចស្ពានផ្លូវ៦០ម៉ែត្រថ្មី ក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាប់ព្រំប្រទល់ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

   ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់ នោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AL-5051 ម្ចាស់ម៉ូតូជាជនរងគ្រោះ ឈ្មោះ វង្ស ផល្លា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

    តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះគ្នា២នាក់ជិះម៉ូតូតាមផ្លូវលេខ១០៤ ពីលិចទៅកើត ពេលមកដល់ចំណុចលើស្ពានអាកាសថ្មីក៏ឈប់អុជបារីជក់ ហើយរៀបនឹងជិះចេញទៅហើយ ស្រាប់តែមានជនសង្ស័យគ្នា២នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខពីកើតទៅលិចបញ្ច្រាសទិសគ្នាមកឈប់ទន្ទឹម ដោយប្រើល្បិចឃាត់សាកសួរទៅជនរងគ្រោះថា « ផ្លូវមួយណាទៅវត្តស្លែង ផ្លូវជាតិលេខ៣ ?» គ្រាន់តែជនរងគ្រោះ ចង្អុលប្រាប់ផ្លូវហើយ ស្រាប់តែជនសង្ស័យដកកាំភ្លើងខ្លីភ្ជង់គំរាមប្លន់យកម៉ូតូជិះឆ្ពោះទៅទិសខាងលិចបាត់ទៅ។

   ក្រោយកើតហេតុ ទើបផ្អើលឆោឡោ ដល់ពលរដ្ឋ កម្លាំងប្រជាការពារសង្កាត់ជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទៅដល់សួរនាំ រួចជូនជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅសង្កាត់រលួស ខណ្ឌដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕ 

ដោយ៖សុខាសែនជ័យ


ចែករំលែក៖