ព័ត៌មានទាន់ហេតុការណ៍៖

ផាកពិន័យ​យានយន្ត​ល្មើស​ចំនួន​ ២៥២​គ្រឿង​ ​តាម​អនុក្រឹត្យ​លេខ​៣៩​ ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៩​លើក​ ស្លាប់​និង​របួស​១៣​នាក់​ នៅទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០១​ ខែធ្នូ​ម្សិលមិញនេះ​!

ចែករំលែក៖

​ភ្នំពេញ​៖​ បេី​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០២២​ បានឱ្យដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១៧១​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៣.២៧៧​គ្រឿង​ ម៉ូតូ​ចំនួន​ ២.៤៨១​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ យានយន្ត​ល្មើស​សរុប​ចំនួន​ ២៥២​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ២២២​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​១​ថ្ងៃ​នៃ​ខែធ្នូ​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​។ 

  ដោយឡែក​សម្រាប់​ថ្ងៃ​ទី១​ ខែធ្នូ​នេះដែរ​​​ ករណីគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៤​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ចំនួន​ ១០​នាក់​(​ស្រី​១​នាក់​)​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !

​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​១៣​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​៩​លើក​៕

ដោយ​៖ស​ តារា​


ចែករំលែក៖