ខេត្តព្រៃវែង ៖ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពារាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែវិច្ឆិកា និងដាក់ចេញទិសដៅការងារខែធ្នូ ឆ្នាំ២០២២ របស់គណៈកម្មាធិការបក្សស្រុកពារាំង។
ក្នុងឱកាសនោះ បន្ទាប់ពីស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងអំពីសភាពការណ៍បច្ចុប្បន្ននៅកម្ពុជាដែលគ្របដណ្តប់ដោយសន្តិភាព ស្ថិរភាពនយោបាយ បង្កលក្ខណៈគ្រប់បែបយ៉ាងដល់ការអភិវឌ្ឍ និងការរស់នៅដោយភាពសុខដុមរម្យនា។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្នាដៃធំៗមួយចំនួនដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងពេលថ្មីៗនេះ ក្នុងនោះការប្រយុទ្ធទប់ទល់នឹងជំងឺកូវីដ-១៩ ការពារបានអាយុជីវិតប្រជាជនពីជ្រោះមរណ: ការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចឡើងវិញ និងជោគជ័យធំធេងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកប្រធានក្រុមការងារ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់បន្តចុះជាប់តាមខ្នងផ្ទះ ក្តាប់ជាប់ការលំបាក សំណូមពររបស់ប្រជាជន ដើម្បីធ្វើការដោះស្រាយតាមសភាពជាក់ស្តែង ហើយខិតខំធ្វើតែអំពើល្អ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ៕
ដោយ : សិលា