ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ស្នើដល់អាជ្ញាធរពង្រឹងយន្តការ ដើម្បីទប់ស្កាត់ការរើសអើង ឬប្រមាថលើជនមានពិការភាព

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ពង្រឹងយន្តការសម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថមាក់ងាយលើជនមានពិការភាព។

ក្នុងសារលិខិតក្នុងការឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងជនមានពិការភាពអន្តរជាតិលើកទី៤០ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការលើកកម្ពស់ដល់ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាកលម្ហែ និងសកម្មភាពផ្សេងៗទៀត ការលើកកម្ពស់ក្នុងការផ្ដល់សេវាយុត្តិធម៌ជូនជនមានពិការភាព ធានាសមភាពយេនឌ័រ ភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីមានពិការភាព។

ក្នុងឱកាសនេះសម្ដេចបានជំរុញដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធធ្វើយ៉ាងណាពង្រឹងយន្តការដើម្បីទប់ស្កាត់ការរើសអើង ឬប្រមាថលើជនមានពិការភាព។

ច្បាប់បានអនុម័ត «ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ» នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៩៩៩ ដែលមានគោលដៅការពារ និងលើកកម្ពស់ជនមានពិការភាពក្នុងព្រះរាជាណាចក្រកម្ពុជា។ ដែលឃើញថាស្ថានភាពជនមានពិការត្រូវទទួលបានការយកចិត្តទុកដាក់ច្រើនក្រោយពីមានច្បាប់នេះ។

ថ្លែងក្នុងកិច្ចពិភាក្សាគោលនយោបាយក្រោមប្រធានបទ «ដំណើរឆ្ពោះទៅមុខដើម្បីធានាបានសង្គមមួយប្រកបដោយបរិយាបន្ន តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃក្របខ័ណ្ឌគោលនយោបាយជាតិពិការភាព» នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានលើកឡើងថា តាំងពីរាជរដ្ឋាភិបាលបានអនុម័តច្បាប់ និងអនុក្រឹត្យផ្សេងៗដើម្បីការពារជនមានពិការភាពមក លោកសង្កេតឃើញថាជនមានពិការភាពត្រូវបានគេលើកកម្ពស់ និងគាំទ្រច្រើនគួរជាទីកត់សម្គាល់។

លោកក៏បានរំលឹកពីស្ថានភាពជនមានពិការភាពកន្លងមកនៅក្នុងសង្គម មុនមិនទាន់អនុម័តច្បាប់ និងអនុក្រឹត្យ ជនមានពិការភាពត្រូវបានគេមាក់ងាយ និងរើសអើង ខុសពីសម័យបច្ចុប្បន្ន ជនមានពិការភាពត្រូវបានរាជរដ្ឋាភិបាលលើកកម្ពស់ និងការពារសិទ្ធិជនមានពិការភាព។

លោកមានប្រសាសន៍ថា៖ «ពីដើមឡើយយើងមានអ្នកសុំទានជនពិការតាមផ្លូវ កម្រនឹងមានការយកចិត្តទុកដាក់ណាស់ មុនពេលច្បាប់កើតមានឡើង បើថាសុំទាននៅមុខផ្ទះគេរកស៊ី គេបើកទ្វារវិញ គេដេញចេញ និងបញ្ជេរអង្ករ ដោយសារតែមានផ្នត់គំនិតថា អពមង្គល។ បើធៀបនឹងជនមានពិការភាព និងមិនមានពិការភាព នៅពេលគេរៀបចំកម្មវិធីមង្គល គេនឹងមិនយកជនមានពិការភាពទៅប្រគំភ្លេងគេទេ ប៉ុន្តែឥឡូវនេះ គេចាប់ផ្តើមលើកកម្ពស់ជនមានពិការភាព ពួកគេមិនត្រឹមតែលេងក្នុងកម្មវិធីទូទៅទេ ក៏ត្រូវបានលើកទឹកចិត្តសម្តែងលើឆាក ហើយស្ថានទូតមួយចំនួនក៏បានផ្តល់ឱកាសជនមានពិការភាព»។

គួរឱ្យដឹងដែរថា ទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ត្រូវរៀបចំនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ពិការភាពទាំងអស់មិនអាចកំណត់ដោយការមើលនឹងភ្នែកនោះទេ»៕

ដោយ ៖ សហការី


ចែករំលែក៖